ទំហំនៃការនាំចេញអាហារសមុទ្ររបស់វៀតណាមនៅក្នុងរយៈពេល ១០ខែដំបូងឆ្នាំ ២០១៣ គិតជាទឹកប្រាក់មានចំនួន ៥,៣៧ពាន់លានដុល្លារអាមេរិក បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុនកើនឡើង ៦ភាគរយ។ នេះបើយោងតាមការឲ្យដឹងរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនទប នៅព្រឹកថ្ងៃអង្គារម្សិលមិញ។
តែក្នុងខែតុលាមួយ ប្រទេសវៀតណាមបានរកប្រាក់ចំណូលពីការនាំចេញផលិតផលអាហារសមុទ្របានចំនួន ៦៨៩លានដុល្លារអាមេរិក។
នៅក្នុងរយៈពេល ១០ខែដំបូង សហរដ្ឋអាមេរិកជាប្រទេសដែលនាំចូលផលិតផលអាហារសមុទ្រពីវៀតណាមច្រើនជាងគេ ដោយនៅក្នុងនោះមានរហូតដល់ទៅ ២១,៧ភាគរយនៃតម្លៃនាំចេញសរុប។
ទីផ្សារសំខាន់ៗ ដែលវៀតណាមត្រូវនាំចេញអាហារសមុទ្រមានដូចជាចិន កាណាដា និងថៃ ដោយនៅក្នុងនោះចិនមាន ៥៥,៣ភាគរយ កាណាដាមាន ២១,៦ភាគរយ ចំណែកថៃ ១០,៦ភាគរយ។
ប្រទេសវៀតណាមបានកំណត់ផែនការទៅលើវិស័យមួយនេះ ដោយនឹងផលិតឲ្យបាន ៩លានតោននៅចន្លោះឆ្នាំ ២០២០-២០៣០ ហើយបានរំពឹងថានឹងទទួលបានប្រាក់ចំណូល ២០ពាន់លានដុល្លារអាមេរិក៕
មតិយោបល់