ព័ត៌មានជាតិ

សិល្បៈ​នៃ​ការ​ថតចំលង​គ្នា​ក្នុងប្រទេស​កម្ពុជា​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ វិស័យ​សិល្បៈ និង​សារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ យ៉ាង​សស្រាក់សស្រាំ និង​មាន​កំណើន​គួរឲ្យកត់សម្គាល់ ។​ក្នុងនោះ​ដែរ​យើង​សូម​លើក​ចំណុច​នៃ​ការ​ថតចំលង​គ្នា ក្នុង​វិស័យ​សិល្បៈ មក​បរិយាយ​ជូន​ប្រិយមិត្ត គ្រាន់​ទុកជា​ចំណុច​រិះគន់​ក្នុង​ន័យ​ស្ថាបនា ដែល​មាន​ដូចខាងក្រោម​នេះ​៖
​វិស័យ​ឧស្សាហកម្ម​តន្ត្រី រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ​កំពុង​រីក​ដូច​ផ្សិត ក្នុងនោះ​មាន​ផលិតកម្ម​ខ្លះ​បើក ហើយ​ក៏​ផ្អាក​ទៅ​វិញ​ផង​ដែរ ដោយសារ​តែ​រូបមន្ត​ថតចំលង​ច្រើនពេក ដែល​ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​យក​ភ្នែក​មើល ដោយ​បណ្តោយឲ្យ អ្នក​ទាំងនោះ​ថតចំលង​គ្នា ទៅវិញទៅមក ។ ត្រង់​ចំណុច​ថតចំលង​ពីគ្នា​នៅក្នុង​ប្រទេស​វា​មិនសូវ​ជា​ជះឥទ្ធិពល​ប៉ុន្មាន​នោះ​ទេ តែ​ករណី​ដែល​យក​បទ​ចម្រៀង​គេ​មក​ច្រៀង ដោយ​ត្រឹម​តែ​សម្រួល​បទ​ភ្លេង និង​ទំនុកច្រៀង​នោះ វា​បាន​ធ្វើឲ្យ​វិស័យ​តន្ត្រី​ផ្នែក​ចំរៀង​សម័យ​មួយ​នេះ កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​តោកយ៉ាក និង​បណ្តាល​ឲ្យ​ប្រទេស​ជិតខាង​ដែល​ធ្លាប់តែ​មាន​ពន្លឺ​ខ្សត់ខ្សោយ​កាលពីមុន មក​មើលងាយ​សង្គម​ខ្មែរ​ដែល​ធ្លាប់​មាន​ពន្លឺ​ត្រចះត្រចង់​លើ​វិស័យ​មួយ​នេះ​។​រូបភាព​ថតចំលង​គ្នា​នេះដែរ វា​មាន​គ្រប់​ស្ថានភាព តែម្តង ដោយ​អ្នកខ្លះ​លួច​តាំងពី​ចំណងជើង​បទ​ចម្រៀង​របស់គេ មក​និពន្ធ និង​អ្នកខ្លះ​ទៀត គ្រាន់តែ​យក​មក​សម្រួល​អត្ថន័យ ពី​គេ​បន្តិចបន្តួច តែ​បូករួម​មក​អត្ថន័យ​បទ​ចំរៀង​តែមួយ ដែល​ធ្វើឲ្យ​ម្ចាស់​គេ​ដែល​ខំ​គិត​ឡើង​ប្រេះ​លលាដ៍ នោះ ទៅ​ជា​គ្មាន​ប្រយោជន៍​ទៅវិញ ។​
logo
​រំឭក​ចំណុច​កូ​ពី​នេះ​ដែរ យើង​មិន​គួរ​បន្ទោស​លើ តារា​ចម្រៀង​ដែល​ជា​អ្នក​ច្រៀង​នោះទេ ត្រូវ​បន្ទោស​ទៅលើ ម្ចាស់​ផលិតកម្ម និង​អ្នកនិពន្ធ ដែល​គ្មាន​សមត្ថភាព​បង្កើត​បទ​ថ្មី ឲ្យ​តារាចម្រៀង​របស់ខ្លួន​ច្រៀង ។​តែ​ទោះជា​យ៉ាងណា​ចូលមក​ដល់​ឆ្នាំ ២០១៣ នេះ​យើង​សង្កេតឃើញថា សិល្បៈករ​ខ្មែរ និង​តន្ត្រី​ខ្មែរ បាន​ផ្អាក​ការ​ថតចំលង​គេ ដោយ​ក្នុង​នោះ ផលិតកម្ម មួយចំនួន​បាន​ព្យាយាម​បង្កើត​សាច់ភ្លេង​ចំរៀង​ថ្មី ទំនុកច្រៀង​ថ្មី ដែល​ជា​ស្នាដៃ​កូន​ខ្មែរ ប៉ុន្តែ​ផលិតកម្ម​មួយចំនួន ក៏​កំពុងតែ​គឃ្លើន​ចរិក​កូ​ពី ដាក់​មហាជន​ដែល​គាំទ្រ​ផលិតកម្ម របស់ខ្លួន កន្លងមក​។​

​ដោយឡែក​សម្រាប់​វិស័យ​ព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​វិញ ក្នុង​ឆ្នាំ ២០១៣ នេះ​ដែរ​វា​កំពុងតែ​រីក​ដូច​ផ្សិត​ដូច​គ្នា​មិន​ខុស​ពី​វិស័យ​ឧស្សាហកម្ម​តន្ត្រី​ប៉ុន្មាន​នោះទេ ដោយ​មាន​ឈ្មួញ​ជាច្រើន​កំពុង​ចាប់អារម្មណ៍​លើ​វិស័យ​មួយ​នេះ ដែល​កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាង​ចាស់ដៃ​។ ជាមួយ​នឹង​ភាព​រីកចំរើន​យ៉ាងគំហុក​លើ​វិស័យ​សារព័ត៌មាន ក៏​មាន​ក្រុម​មនុស្ស​មួយចំនួន​តូច ដែល​កំពុង​បង្ករ​ព្យុះភ្លៀង ដោយ​កូ​ពី​អត្ថបទ​ម្ចាស់​ដើម ដែល​ខំ​បកប្រែ​សម្រួល​ពី​អត្ថបទ​បរទេស យកមក​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន មាន​គេហទំព័រ​មួយចំនួនទៀត ក៏​សូម​ការអនុញ្ញាតិ​យ៉ាង​ត្រឹមត្រូវ​ពី​ម្ចាស់​ដើម និង​បាន​ដាក់​ប្រភព​កូពីយ៉ាង​ត្រឹមត្រូវ​ផងដែរ ។ មួយវិញទៀត​ក្នុងនោះ​ក៏​មាន​គេហទំព័រ​មួយចំនួន​តូច​ទៀត ដោយ​ត្រឹម​តែ មើល​អត្ថបទ​ដែល​ម្ចាស់​ដើម​គេ​គេ​ខំ​បកប្រែ ពី​បរទេស មក​ជា​ខេមរៈភាសា និង​សម្រួល​ពាក្យ​តិចតួច​មក​ធ្វើ​ជា​កម្ម​សិទ្ធ​ផងដែរ​។ ចំណុច​នេះ​ដែរ​យើង​ពិបាក​ថា ដែរ​ព្រោះថា “​មាត់​អ្នក​ប្រកែក​ញ៉ាញ តែ​ក្នុង​ចិត្ត​និង​ខួរ​អ្នក​បាន​ដឹង​ច្បាស់​ថា​បាន​ធ្វើ​វា​រួចទៅហើយ​” ។​
​ខាងមុខ​នេះ​ដែរ ខណៈ​ដែល​កម្ពុជា​កំពុង​ហៀបនឹង​ចូល សមាហរណកម្ម​អាស៊ាន ប្រសិនបើ រូបភាព​កូ​ពី នៅតែ​មាន​ដូចនេះ តើ​ខ្មែរ​ទៅជា​យ៉ាងណា ? វា​មិន​ទៅ​ធ្វើ​កម្មករ​លើ​ដី​ឯង​ទេ​ឬ ? ៕​

មតិយោបល់