កណ្ដាលៈ គ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈពេលរូបគាត់ជិះម៉ូតូបត់ឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវខេត្ត៣៨១ ចន្លោះគីឡូម៉ែត្រលេខ៧និង៨ ត្រង់ចំណុចភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប្រភភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយម៉ូតូម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q -9559 បើកបរដោយឈ្មោះ ភី ហុកស្រេង ភេទប្រុស អាយុ៧១ឆ្នាំ បើកបរនៅក្នុងទិសដៅពីកើតបត់ទៅត្បូង (រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ) នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លុះមកដល់ចំណុចកើតហេតុខាងលើត្រូវបានរថយន្តម៉ាកNISSAN ពណ៌ទឹកប្រាក់ ប្រភេទដឹកទំនិញពាក់ស្លាកលេខ ខ-6191 ភព2 បើកបរដោយឈ្មោះ នឿន ជីវ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីជើងទៅត្បូង អ្នករួមដំណើរម្នាក់ឈ្មោះ ហួរ ស្រីនិត ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិឃុំជាមួយគ្នា។
ករណីនេះដែរបណ្ដាលឲ្យបុរសចំណាស់ម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ខូចខាតសំភារៈ រថយន្ត១គ្រឿងស្រាលនិងម៉ូតូ១គ្រឿងស្រាល (អ្នកបើកបរម៉ូតូខាងលើមិនពាក់មួកសុវត្តិភាព)។
ប្រភពដដែលបានបន្តថា មូលហេតុដែលនាំឲ្យមានហេតុការនេះកើតឡើង គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូបង្កខាងលើ បើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ៕
មតិយោបល់