ព័ត៌មានជាតិ

Nokia ត្រៀម​៣៥៥​លាន​អឺរ៉ូ​សម្រាប់​ផ្ទេរ​រោងចក្រ​នៅ​ឥណ្ឌា​

​ក្រុមហ៊ុន​ហ្វាំង​ឡង់ Nokia បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុងការ​បង់លុយ​យ៉ាងហោចណាស់ ៣៥៥​លាន​អឺរ៉ូ ប្រហែល​នឹង ៤៨៧​លាន​ដុល្លារ​អាមេរិក សម្រាប់​អាជ្ញាធរ​នៃ​ប្រទេស​ឥណ្ឌា​ដើម្បី​ដំណើរការ​ការផ្ទេរសិទ្ធិ​កាន់កាប់​រោងចក្រ​មួយ​ទៅឲ្យ​ក្រុមហ៊ុន Microsoft ។ នេះ​បើ​យោងតាម​សម្ដី​របស់​មនុស្ស​ពីរ​នាក់​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន Blooomberg ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រុមហ៊ុន Nokia មាន​ឆន្ទះ​បង់លុ​យយ៉ាងហោចណាស់ ២៧០​លាន​អឺរ៉ូ សម្រាប់​ការយល់ព្រម​ឲ្យមាន​កា​រ​ផ្ទេរ​រោងចក្រ ហើយ Nokia នឹង​បង់លុយ​តាម​ក្រោយ​បន្ថែម​ទៀត​នៅពេល​ដែល​ការផ្ទេរ​ត្រូវបាន​បញ្ចប់​។​

​នៅពេលនេះ អ្វី​ដែល​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន Nokia នោះ​គឺ​ការជាប់គាំង​នៃ​ការលក់​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ទូរស័ព្ទ​ចល័ត បើទោះបីជា​ក្រុមហ៊ុន Nokia បាន​លក់​អាជីវកម្ម​មួយ​នេះ​ទៅឲ្យ​ក្រុមហ៊ុន Microsoft ក្ដី ប៉ុន្តែ​ទ្រព្យ​មួយចំនួន​មិន​ត្រូវបាន​ផ្ដល់​ឲ្យ​នោះ​ទេ ដូច្នេះហើយ​ទើប Nokia តម្រូវ​លក់​ទ្រព្យសម្បត្តិ​ទាំងនោះ​ទៅ​ឲ្យ​អ្នក​ផ្សេង ប៉ុន្តែ​ការធ្វើ​បែប​នេះ នៅ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ច្បាប់​នៅក្នុង​ប្រទេស ព្រោះ​ក្រុមហ៊ុន Nokia នៅ​ជំពាក់​ពន្ធ​រដ្ឋ​ឥណ្ឌា​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍ ក្រុមហ៊ុន Nokia បាន​និយាយថា​ខ្លួន​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការទទួលយក​នូវ​ទ្រព្យសម្បត្តិ ហើយ​ក៏​ព្រម​ចូលខ្លួន​ដោះស្រាយ​បញ្ហា​ពន្ធ​ជាមួយនឹង​ទីភ្នាក់ងារ​ពន្ធ​របស់​ឥណ្ឌា​ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Nokia បាន​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅឲ្យ​ក្រុមហ៊ុន Microsoft ក្នុងតម្លៃ ៥.៤៤​ពាន់​លាន​អឺរ៉ូ ដោយ​ការទិញ​-​លក់​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ដើមឆ្នាំ ២០១៤៕​
nokia-logo

មតិយោបល់