អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបញ្ជូនសត្វស្វាទៅកាន់លំហអាកាសដោយជោគជ័យជាលើកទី២។ នេះបើយោងតាមការផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិ។
ប្រទេសអ៊ីរ៉ង់ បានបញ្ជូនស្វា ” Fargam “ជាមួយគ្រាប់រ៉ុកកែត “Research ” ដែលប្រើប្រាស់ប្រេងឥន្ធនៈរាវ ជាលើកដំបូង។ នេះយោងតាមការផ្សាយឲ្យដឹងតាមរយៈទូរទស្សន៍ IRINN។
គ្រាប់រ៉ុកកែត ហោះឡើងទៅកាន់លំហអាកាសបានរយៈចម្ងាយ កម្ពស់ ១២០គីឡូម៉ែត្រ និងបានត្រឡប់មកផែនដីវិញ បន្ទាប់ពីហោះបាន ១៥នាទី។ នេះយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍។
ក្នុងអំឡុងពេលនៃការធ្វើដំណើររបស់គ្រាប់រ៉ុក្កែតនេះ អ្នកវិទ្យាសាស្រ្តអវកាសអ៊ីរ៉ង់ អាចតាមដាន និងកត់ត្រា សញ្ញាដ៏សំខាន់នៃស្វាតាមរយៈ ការដាក់ឧបករណ៍នៅខាងក្នុងខ្លួន។
ព័ត៌មានដែលប្រមូលបានដោយការចាប់ផ្តើមនៃគ្រាប់រ៉ុកកែតនេះ នឹងជួយឲ្យអ្នកវិទ្យាសាស្រ្តអ៊ីរ៉ង់ ក្នុងការស្រាវជ្រាវ លើវិស័យផ្សេងគ្នា រួមទាំង ជីវលំហ សរីរវិទ្យា អាកាស និងវិស្វកម្មវេជ្ជសាស្រ្ត។
លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់ បានសាទរចំពោះការបាញ់បង្ហោះនេះដោយនិយាយថា ”ខ្ញុំ សូមសរសើរ ដល់អ្នកវិទ្យាសាស្ត្រដែលបានខិតខំប្រឹងប្រែង រហូតទទួលបានភាពជោគជ័យដ៏អស្ចារ្យនេះ ហើយមានបំណងចង់ឲ្យមានសមិទ្ធិផលបន្ថែមទៀត សម្រាប់អ្នកវិទ្យាសាស្រ្តអ៊ីរ៉ង់” នេះបើយោងតាម គេហទំព័រផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ផងដែរថា នៅក្នុងខែមករាដើមឆ្នាំ ប្រទេសអ៊ីរ៉ង់ បានបញ្ជូនសត្វស្វាទៅកាន់លំហអាកាសម្ដងរួចទៅហើយ និងទទួលបានជោគជ័យដូចនៅពេលនេះផែរ៕
មតិយោបល់