ព័ត៌មានជាតិ

កុងតឺន័រក្រុមហ៊ុនផែស្ងួត សុកន បើកកៀរម៉ូតូគាបជាប់រថយន្តម៉ាស្តា នារីម្នាក់រងរបួស

ភ្នំពេញៈ នារីម្នាក់បានរងរបួសដៃខាងស្តាំ ត្រូវបានបញ្ជូនតាមរម៉កកង់បីទៅសង្គ្រោះភ្លាមៗ ខណៈកំពុងឈប់ចាំស្តុបក្រហម ស្របនិងរថយន្តម៉ាកម៉ាស្តាហើយត្រូវរថយន្តកុងតឺន័បើកមកគៀរ បណ្តាលឲ្យគាបជាប់និងរថយន្ត កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាកធូដេ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចស្តុបផ្លូវវេងស្រេងដោយសារតែភ្លើងស្តុបពណ៌ក្រហម ទើបឈប់ចាំទន្ទឹមនិងរថយន្តមួយគ្រឿងម៉ាកម៉ាស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Y-5188។

សាក្សីដដែលបានបន្តថា ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត សុកន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-3427 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច ហើយបានបត់ឆ្វេងទៅត្បូងដោយសារតែកន្ទុយវែងពេកក៏គាបម៉ូតូជាមួយនិងរថយន្តម៉ាស្តារងរបួសអ្នកជិះម៉ូតូ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗហើយត្រូវបានសមត្ថកិច្ចធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តកុងតឺន័រចេញថ្លៃខូចខាតទាំងរថយន្តនិងម៉ូតូរួមទាំងថ្លៃព្យាបាលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

https://youtu.be/aqrjqvhrhh8

មតិយោបល់