ព័ត៌មានជាតិ

តូយ៉ូតា​ជាង​ ១​ម៉ឺន​គ្រឿង​នៅ​កូរ៉េ​ មាន​បញ្ហា​ម៉ាស៊ីន​ត្រជាក់​

សេអ៊ូល៖ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​តូយ៉ូតា​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រមូល​រថយន្ត​ប្រមាណ​ជាង​ ១១.០០០​គ្រឿង​នៅ​​ក្នុង​​ប្រទេស​​កូរ៉េ​ខាង​ត្បូង​មក​ជួស​ជុល​ដោយ​សារ​តែ​បញ្ហា​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់។​ នេះ​បើ​យោង​តាម​​ក្រសួង​​ដឹក​​ជញ្ជូន​របស់​ទី​ក្រុង​សេអ៊ូល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ។​

toyota_1

ក្រសួង​ដីធ្លី​ ហេដ្ឋា​ចរនា​សម្ព័ន្ធ​ និង​ដឹក​ជញ្ជូន​របស់​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា​រថយន្ត​សរុប​ចំនួន​១១.៥០៧​​ ​គ្រឿង​ដែល​ក្រុម​ហ៊ុន​តូយ៉ូតា​បាន​លក់​នៅ​ក្នុង​ប្រទេស​នេះ ​បាន​មាន​បញ្ហា​ទៅ​លើ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ដែល​​លេច​​ធ្លាយ​​ទឹ​ក​ជ្រាប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​ពោង​សុវត្ថិភាព​ និង​ប្រអប់​ចង្កូត​រថយន្ត​។​

រថយន្តដែលត្រូវប្រមូលមកជួសជុលនោះមានរថយន្តប្រភេទ​ដឹក​អ្នក​ដំណើរ​ចំនួន ១​០.៩៦១​គ្រឿង​ ដែល​​ផលិត​ឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០​ខែតុលា​ ឆ្នាំ​ ២០១១​ និង​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ឆ្នាំ ​២០១៣។​ ក្នុ​ងនោះ​​ក៏​​មាន​​ផង​ដែរ​នូវ​រថយន្ត​ម៉ាក ​Venza​ ចំនួន ​៥៤៦​គ្រឿង ​ដែល​ផលិត​ឡើង​ចន្លោះ​ថ្ងៃ​ទី​១៤​ខែ​​សីហា ​និង​ថ្ងៃ​ទី​២៨​ខែ​​មីនា​ ឆ្នាំ​ ២០១៣។​

ម្ចាស់រថយន្តដែលជួបនូវបញ្ហាខាងលើអាចធ្វើការទាក់ទងទៅកាន់​មជ្ឈ​មណ្ឌល​ថែរ​ក្សា​របស់​តូយ៉ូតា​​ដែល​​មាន​​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ សម្រាប់​សេវា​កម្ម​ផ្ដល់​ជូន​ឥត​គិត​ថ្លៃ។​

ព្រមជាមួយគ្នានោះក្រសួងក៏បានបញ្ជាក់ឲ្យដឹងផងដែរថា រថយន្តប្រភេទ Jaguar ​និង ​Land​ Rove​r​ ក៏​បាន​​ប្រកាស​ប្រមូល​ចំនួន ​៨៨៨​គ្រឿង​ផង​ដែរ​ ដោយ​សារ​តែមាន​បញ្ហា​ធុង​ប្រេង៕​

មតិយោបល់