ចិន៖បន្ទាប់ពីបានគិតអស់រយៈពេលជាយូរនៅពេលនេះ ក្រុមហ៊ុន Apple បានឈានដល់ដំណាក់កាលចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទចិន China Mobile ក្នុងការនាំយក iPhone មកលក់នៅក្នុងប្រទេសចិន។
លោក Xi Guohua អគ្គនាយកក្រុមហ៊ុន China Mobile បាននិយាយថា ”iPhone បានបង្ហាញខ្លួនដល់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ អតិថិជន China Mobile ក៏ត្រូវការស្មាតហ្វូនមួយនេះផងដែរ ហើយវាក៏ដល់ពេលដែលត្រូវផ្ដល់ជូនដល់ដៃអតិថជនគ្រប់គ្នា”។
លោក អគ្គនាយកក៏បានបន្ថែមទៀតថា អតិថិជនរបស់ China Mobile ទាំងអស់អាចធ្វើការបញ្ជាទិញទុកជាមុនបានចាប់ពីថ្ងៃពុធសប្ដាហ៍នេះ ហើយនឹងមកដល់នៅថ្ងៃ ១៧ខែមករា ឆ្នាំ ២០១៤។
China Mobile ជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មទូរស័ព្ទធំជាងគេនៅលើពិភពលោក ដោយមានអតិថិជនប្រមាណជាង ៧៦០លាននាក់ សម្រាប់នៅពេលនេះ អតិថិជនដែលប្រើ iPhone ទាំងអស់អាចប្រើជាមួយនឹងប្រព័ន្ធ 4G។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា តម្រូវការ iPhone នៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ហើយវាគ្មានអ្វីដែលល្អជាងការស្វាគមន៍ក្នុងឱកាសបុណ្យចូលឆ្នាំចិននោះទេ។
គួរបញ្ជាក់ផងដែរថា ចិនជាប្រទេសទីផ្សារធំលំដាប់ទី២របស់ Apple បន្ទាប់ពីសហរដ្ឋអាមេរិក ហើយក្រោយពេលចុះកិច្ចព្រមព្រៀងនេះ ទីផ្សារ iPhone នៅចិននឹងស្ទុះឡើងកាន់តែខ្លាំងជាងនេះ៕
មតិយោបល់