កាលពីរសៀលថ្ងៃអាទិត្យទី ១៩ វេលាម៉ោង ២ ក្លិបបាល់ទាត់ DKSH បានរងបរាជ័យក្រោមថ្វីជើង ក្លិប ខ្លាស White Tiger ដោយលទ្ធផល ៣-១ ក្នុងជុំទី ២ ពានរង្វាន់ដំរីស ។
សម្រាប់ការជួបជើងរវាងក្លិបបាល់ទាត់ DKSH (ឯកសណ្ឋានអាវលឿងខោខ្មៅ)និង ក្លិប ខ្លាស White Tiger ពិតជារឿងមួយដ៏អស្ចារ្យ ខណៈដែលគ្រប់បាល់ដំបូង របស់ DKSH បានភ្លាត់ដោយសារតែទីលានបាល់ទាត់មិនអំណោយផល មានភាពគ្រលុក បណ្តាលឲ្យគ្រាប់បាល់ដែលស៊ុតដោយកីឡាករ សីហា ពាក់ស្លាក់លេខ ៩ របស់ DKSH ដែលហៀបនឹងចូលទៅហើយបែរជារមៀលចេញទៅវិញ ។ ប៉ុន្មាននាទីក្រោយ ពោលគឺ នៅនាទី ១០ ក្លិបខ្លាស ដែលល្បីថាខ្លាំងនោះបានបំបែកពងមាន់ក្លិប DKSH នាំមុខបណ្តោះអាសន្ន ១-០ ។ តែទោះជាយ៉ាងណានៅ ៥ នាទីក្រោយ ក្លិប DKSH មានឱកាសស៊ុតហ្វ្រីហ្គិតចំងាយ ២៥ ម៉ែត្រ ដែលស៊ុតដោយកីឡាករ សីហា ជាខ្សែប្រយុទ្ធ បានស៊ុតបាល់កោងយ៉ាងស្អាតកៀកនឹងបារទី ធ្វើឲ្យ ក្លិបខ្លួនស្មើ ១-១ ជាមួយនឹងខ្លាសបើទោះល្បីថាអ្នកចាំទីខ្លាសខ្លាំងយ៉ាងណា ។ កៀកនឹងចប់តង់ទី ១ទៅហើយ ក្លិបបាល់ទាត់ ខ្លាសបានបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់ស៊ុតទាំងប្រផិតប្រផើយ ដោយនាំមុខជ័យជម្នះបណ្តោះអាសន្ន ១-២ ។
សម្រាប់ ខ្លាស ពិតជាខ្លាំងដូចអ្វីដែលគេធ្លាប់បាននិយាយមែន នៅតង់ទី ២ បានបើការវាយលុកយ៉ាងខ្លាំង ក៏ប៉ុន្តែ DKSH ដែលមានប្រវត្តិមិនធម្មតាដែរនោះបានព្យាយាមទប់នឹង វាយបកវិញ ធ្វើឲ្យខ្លាស ផើតពោះម្តងៗដែរ ។ នៅនាទី ៦២ ក្លិបបាល់ទាត់ ខ្លាស បានបន្ថែមមួយគ្រាប់ទៀត ដែលធ្វើឲ្យ នាំមុខដោយលទ្ធផល ៣-១ ។បើទោះបីជា DKSH បានស្រវ៉េស្រវ៉ាតាមវាយលុកយ៉ាងណា នៅតែធ្វើមិនបានសម្រេចក្រោមសំឡេងកញ្ជែរផ្លុំរបស់អាជ្ញាកណ្តាល DKSH ចាញ់ក្លិប ខ្លាស ក្នុងលទ្ធផល ៣-១ ។
បញ្ជាក់ផងដែរថា សម្រាប់ខ្លាស ប្រកួតពីរលើក ឈ្នះទាំងពីរលើក មាន ៦ ពិន្ទុ ឡើងទៅគ្រប់គ្រងកំពូលតារាង ហើយ DKSH មាន ៣ ពិន្ទុ ក្នុងចំណោម ២ ប្រកួត ឈ្នះ ១ ចាញ់ ១ នោះ៕
មតិយោបល់