ព័ត៌មានជាតិ

ប្រុសសង្ហារទុកចិត្តមិនបាន! ប្រុសសង្ហារ២នាក់ លក់គ្រឿងញៀនត្រូវប៉ូលិសចាប់ខ្លួនបាន!..

ភ្នំពេញ: ជនសង្ស័យជាបុរសសង្ហារ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបាន និងឆែកឆេររកឃើញគ្រឿងញៀនចំនួន២កញ្ចប់ធំ រួមនឹងឧបករណ៍ជក់ព្រមទាំងថង់សម្រាប់វេចខ្ចប់មួយចំនួនទៀត។

ករណីចុះបង្ក្រាបនិងឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយលោកវរសេនីយ៍ត្រី ម៉េង វិមានដារ៉ា អធិការរងនគរបាលខណ្ឌមានជ័យ ទទួលបន្ទុក​យុត្តិធម៌​ និងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ​ដោយបានចាត់កម្លាំងតាមដានមុខសញ្ញាសង្ស័យជាអ្នកជួញដូរនិងចែកចាយគ្រឿងញៀន នៅចំណុចផ្ទះជួលមួយកន្លែងម្ដុំផ្សារប៉េសេ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីឃើញមុខសញ្ញាហើយ កម្លាំងសមត្ថកិច្ចក៏បានធ្វើឆ្មក់ចុះបង្ក្រាបឡោមព័ទ្ធឃាត់ខ្លួនបានចំនួន២នាក់តែម្ដង និងបន្តទៅឆែកឆេរផ្ទះជួលបន្តទៀត ដែលជាកន្លែងប្រើប្រាស់ និងរកឃើញគ្រឿងញៀនក្រាមសថ្លា(ម៉ាទឹកកក) ចំនួន២កញ្ចប់ថង់ធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោក ម៉េង វិមានដារ៉ា​ អធិការរងខណ្ឌមានជ័យ​ បានប្រាប់ Post News Media ថា បច្ចុប្បន្នជនសង្ស័យទាំង២នាក់នោះ រួមនឹងវត្ថុតាំងគ្រឿងញៀន ២កញ្ចប់នោះ ត្រូវបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍សង្កាត់ចាក់អង្រែលើ ធ្វើការឃុំខ្លួនធ្វើការសាកសួរដើម្បីរង់ចាំបន្តនិតិវិធីបន្តទៀត៕

មតិយោបល់