ប្រទេសចិន នៅថ្ងៃចន្ទអង្គារម្សិលមិញនេះ បានជំរុញឲ្យប្រទេសជប៉ុន គោរពតាមការពិតនៃប្រវត្តិសាស្ត្រ ហើយត្រូវបញ្ឈប់ការអប់រំដល់មនុស្សជំនាន់ក្រោយ ឲ្យយល់ដឹងពីប្រវត្តិសាស្ត្រក្លែងក្លាយរបស់ខ្លួន ព្រោះថាវាមិនដូចអ្វីដែលបានកត់ត្រានៅក្នុងសៀវភៅកំណត់ត្រារបស់ខ្លួនឡើយ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “កោះតាវយូ (Diaoyu) និងប្រជុំកោះគឺត្រូវបានភ្ជាប់ជាមួយនឹងចិនតាំងពីបុរមបុរាណមក”។
ការលើកឡើងបែបនេះ ដោយសារតែក្រសួងអប់រំរបស់ជប៉ុនបានបញ្ចូលបញ្ជីឈ្មោះកោះនេះចូលទៅក្នុងកម្មវិធីសិក្សារបស់សាលា និងបញ្ជាក់យ៉ាងច្បាស់ថាវាជារបស់ជប៉ុន។
អ្នកស្រី Hua បានថ្លែងបន្តទៀតថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរឿងនេះ ហើយនៅពេលនេះ យើងគ្រាន់តែចង់ឲ្យជប៉ុនគោរពតាមប្រវត្តិសាស្ត្រ និងឈប់បង្កើតផ្នត់គំនិតនេះដល់ប្រជាជនខ្លួនទៀត”។ អ្នកស្រី បន្ថែមទៀតថា ជប៉ុនគួរតែយកពេលវេលាមកបង្កើនទំនាក់ទំនងជាមួយនឹងប្រទេសជិតខាង នោះទើបវាល្អប្រសើរជាង។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចាប់ផ្ដើមតានតឹងដោយសារតែជម្លោះបញ្ហាទឹកដីប្រវត្តិសាស្ត្រ ដែលកើតមានទៅលើកោះមួយនេះតាំងពីឆ្នាំ ២០១២៕

មតិយោបល់