ព័ត៌មានជាតិ

អគ្គិភ័យបានលេបត្របាក់សាលានយោបាយនៅស្រុកសង្កែ

បាត់ដំបងៈអគារឈើមួយខ្នងដែលជាអតីតសាលានយោបាយចាស់ សម្រាប់ រៀបចំពិធីផ្សេងៗរបស់អាជ្ញាធរស្រុកសង្កែ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយមិនទាន់មានការអះអាងពីប្រភពណាមួយឲ្យបានច្បាស់លាស់អំពីមូលហេតុ នៃការឆេះនេះឡើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសិស្សសាលា ដែលមកស្នាក់នៅក្នុងអគារមួយផ្សេងទៀតដែលនៅក្បែគ្នា។

ហេតុការណ៍នេះបានកើតឡើងប្រហែលជាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចអតីតសាលានយោបាយចាស់ ដែលសាងសង់ អំពីឈើ ប្រក់ស័ង្កសី ដោយមានទំហំ១៣ ម៉ែត្រ គុណ ៣៧ ម៉ែត្រ ស្ថិតនៅក្បែរបង វត្តកោះកែវ ( វត្តអន្លង់វិល ) ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺសិស្សសាលា ដែលមកពីឃុំរកាបានមកស្នាក់នៅអគារមួយផ្សេងទៀត ដែលនៅក្បែនិងអគារដែលឆេះ បានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថស្រុក ដើម្បីឲ្យផ្តល់ព័ត៌មានទៅកម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីមកជួយ អន្តរាគមន៍ ដោយសារតែមានអគ្គិភ័យកំពុងឆាបឆេះទៅលើអគារនៃសាលានយោបាយចាស់យ៉ាងសន្ធោសន្ធៅ។

បន្ទាប់មកទាំងរថយន្តពន្លត់អគ្គិភ័យ ក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងពីរអង្គភាព បានចេញប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ដើម្បីជួយទប់ស្កាត់នៃការរាលដាលភ្លើងនេះ ដោយសារតែអគារនេះធ្វើអំពីឈើ ប្រក់ស័ង្កសី ទើបបានជាមានការឆាបឆេះយ៉ាងលឿនបំផុត បើទោះបីជាមានការជួយអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿងក៏ដោយ។ ទីបំផុតកម្លាំងពន្លត់អគ្គិភ័យបានធ្វើការរហូតដល់ម៉ោង៦ព្រឹក ទើបអាចពន្លត់ភ្លើងនោះបានទាំងស្រុង ប៉ុន្តែចំណែកអគារនោះ ក៏ត្រូវបានឆេះអស់ទាំងស្រុងផងដែរ នៅសល់តែគំនរធ្យូង និងផេះតែប៉ុណ្ណោះ ដោយមិនទាន់មានការអះអាងថា មកពីមូលហេតុទុស្សេចរន្ត ឬក៏មកពីអ្វីនោះ នៅឡើយទេ៕

ភ្លើងឆេះ (1)ភ្លើងឆេះ (2)ភ្លើងឆេះ (3)

មតិយោបល់