ព័ត៌មានជាតិ

កុងតឺន័របើកកៀរម៉ូតូពេញទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅក្រុងបាវិត

ស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ បង្កឡើងដោយរថយន្តកុងតឺន័របើកបរស្របទិសគ្នាមកកៀរម៉ូតូពេញទំហឹង បណ្ដាលឲ្យដួលបោកនិងថ្នល់ស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា មានរថយន្តកុងតឺន័រ១គ្រឿងម៉ាកHYUNDAI ពណ៌ស-ត្រួយចេក ស្លាកលេខភ្នំពេញ 3C-0630 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅកៀរនិងម៉ូតូម៉ាក HONDA C125 ស្លាកលេខស្វាយរៀង 1I-1894 ពណ៌ខៀវ បើកបរដោយឈ្មោះ រស់ សាប៉ិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីកើតទៅលិច បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ម៉ូវ សុភក្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង រងរបួសធ្ងន់។

ក្រោយពីកើតហេតុភ្លាមៗអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ រីឯវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

កុងតឺន៍រកៀរស្លាប់ (1)កុងតឺន៍រកៀរស្លាប់ (2)កុងតឺន៍រកៀរស្លាប់ (3)កុងតឺន៍រកៀរស្លាប់ (4)កុងតឺន៍រកៀរស្លាប់ (5)កុងតឺន៍រកៀរស្លាប់ (6)

មតិយោបល់