តៃប៉ិ៖ រដ្ឋាភិបាលនៃប្រទេសតៃវ៉ាន់ នៅថ្ងៃ២៧ខែកុម្ភៈម្សិលមិញនេះ បានធ្វើការហាមឃាត់ការវះកាត់ប្លាស្ទិច សម្រាប់ក្មេងក្រោយអាយុ ១៨ឆ្នាំ ប្រសិនបើមិនមែនជារឿងចាំបាច់។
ក្រុមមន្ត្រីសុខាភិបាលបានឲ្យដឹងថា ការហាមឃាត់នេះគឺដើម្បីការពារនូវហានិភ័យទាំងឡាយដែលអ្នកចង់កែសម្ផស្សមិនបានគិតដល់ ឬគិតរំលោង ដោយមើលឃើញតែពីភាពស្រស់ស្អាត និងចង់តែស្អាត ដោយមិនបានគិតពីហានិភ័យ។
សេចក្ដីប្រកាសនេះគឺត្រូវអនុវត្តភ្លាមៗ ហើយវេជ្ជបណ្ឌិតជាច្រើនក៏ឈប់ទទួលវះកាត់កែច្រមុះ មាត់ ពង្រីកដើមទ្រូង ដល់អតិថិជនផងដែរ ព្រោះតែគ្មានច្បាប់អនុញ្ញាត។ ព្រមជាមួយគ្នានោះ ក្រសួងសុខាភិបាល និងសុខុមាលភាព ក៏បានបញ្ជាក់ផងដែរថា ការវះកាត់ត្របក់ភ្នែកក៏ត្រូវបានហាមឃាត់ដែរ។
ក្រសួងបានបញ្ជាក់ថា ប្រសិនបើមានវេជ្ជបណ្ឌិតណាហានល្មើសនោះ នឹងត្រូវពិន័យជាប្រាក់ ៥០ម៉ឺនដុល្លារតៃវ៉ាន់ ហើយនឹងត្រូវដកហូតអាជ្ញាប័ណ្ណទាំងស្រុងផងដែរ។ ទោះជាយ៉ាងណា មន្ត្រីសុខាភិបាល បាននិយាយថា មនុស្សមួយចំនួន នៅតែភូតកុហក ទៅលើអាយុរបស់ពួកគេ ដើម្បីបានការព្យាបាល។
មន្ត្រីសុខាភិបាលមួយរូបបានបង្ហើបឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ មានមនុស្សជាច្រើនបានធ្វើការវះកាត់កែសម្ផស្ស ដែលជាក្ដីព្រួយបារម្ភរបស់រដ្ឋាភិបាល ដោយសារតែអាណាព្យាបាលរបស់ពួកគេបានមើលរំលោងពីហានិភ័យ និងផលវិបាក៕
មតិយោបល់