ព័ត៌មានជាតិ

កុមារី ២​នាក់​ឆ្លង​វិរុស​ផ្ដាសាយ​បក្សី បាន​ជាសះស្បើយ​

ភ្នំពេញ៖ កុមារី ២ នាក់​នៅ ខេត្ត​កំពង់ចាម​ដែល​ឆ្លង​វីរុស​ផ្តាសាយ​បក្សី H5N1​បាន​ជាសះស្បើយ ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ហើយ និង​បច្ចុប្បន្ន​កំពុងតែ​មាន​ស​កម្ម​ភាព​ជា​ធម្មតា​។ នេះ​បើ​យោងតាម ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​សេចក្ដីប្រកាស​ជា​រួម​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅនេះ​ថា មាន​ករណី​ផ្តាសាយ​បក្សី​ចំនួន ២ ត្រូវបាន​អះ អាង​ថា វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី H5N1​ក្នុង​ឆ្នាំនេះ ដែល​នេះ​ជា​ករណី​ទី ៤ និង​ទី ៥ ក្នុង​ឆ្នាំ នេះ និង​ជា​ករណី​ទី ៥១ និង​ទី ៥២ ដែល​បាន​ឆ្លង​វីរុស​ផ្តាសាយ​បក្សី H5N1 ហើយ​ករណី​ទាំង​ពីរ​នេះ មកពី​ខេត្ត​កំពង់ចាម ដែល ៤០ ករណី​ក្នុង​ចំណោម​ករណី​ទាំង ៥២ ដែល​កើតមាន​នៅ​កម្ពុជា កើត​លើ​កុមារ​អាយុ​ក្រោម ១៤ ឆ្នាំ និង ២៩ ករណី​ក្នុង​ចំណោម ៥២ ជា​នារី ។ ជា​បន្ថែម​មាន ១៨ ករណី​មាន​ជីវិត ចាប់​ពី​មាន​ជំងឺផ្តាសាយបក្សី​លើកដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០០៥​។​

​ករណី​ទី ៤ កើត​លើ​កុមារី​ម្នាក់​អាយុ ១០ ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​រវៀង ឃុំ​ស្នរ​ដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​(​បច្ចុប្បន្ន​ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​) ដឹង​តាមរយៈ​ប្រព័ន្ធ​តាមដាន​ជំងឺ គ្រុនក្តៅ​របស់​អង្គការ​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នាវា​សហរដ្ឋអាមេរិក ត្រូវ​បាន​បញ្ជាក់​ដោយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០១៤ ថា​មាន​ជំងឺ​ផ្តាសាយ​បក្សី H5N1​។ នាង​ចាប់ផ្តើម​មាន​គ្រុនក្តៅ​នៅ​ថ្ងៃទី ២៦ ខែ​មករា ឆ្នាំ ២០១៤ ។ ម្តាយ​កុមារី​បាន​ទិញ​ថ្នាំ​នៅ​ភូមិ ហើយ​ចាប់ពី​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០១៤ នាង​បន្ត​មាន​គ្រុនក្តៅ ហូរ​សំបោរ ក្អួត និង​ឈឺពោះ ។ នៅ​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០១៤ បុគ្គលិក​គម្រោង​របស់​អង្គការ​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ នាវា​សហរដ្ឋអាមេរិក​បាន​ប្រមូល​សំណាក​ពី​កុមារី ។​

​នៅពេល​បាន​ទទួល​លទ្ធផល​ថា មាន​ផ្ទុក វីរុស H5N1 នាង​ត្រូវបាន​បញ្ជូន​ទៅ និង​ដាក់​ឲ្យ​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម នៅ ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០១៤ និង​បាន​ទទួល​ការព្យាបាល​ដោយ​ឱសថ Tamiflu នៅ​ថ្ងៃ​ដដែល នោះ ។ បច្ចុប្បន្ន​នាង​បាន​ជាសះស្បើយ និង​មាន​សកម្មភាព​ធម្មតា ។ នាង​បាន​ប៉ះពាល់​ជាមួយ បក្សី​ឈឺ និង​ងាប់ ។ ទា​នៅ​កសិដ្ឋាន​ចិញ្ចឹម​ទា ក្នុងភូមិ​កុមារ​រស់នៅ ចាប់ផ្តើម​ងាប់​ភ្លាមៗ​នៅ ពាក់កណ្តាល​ខែ​មករា ឆ្នាំ ២០១៤ ។ ម្តាយ​នាង​បាន​ទិញ​ទា​ឈឺ និង​ងាប់​នៅ​ថ្ងៃ​ទី ២៥ ខែ​មករា ហើយ​គ្រួសារ​បាន​រៀបចំ​ធ្វើ​ម្ហូប ដោយ​មាន​ការជួយ​ធ្វើ​ម្ហូប​ពី​កុមារី​។​

​ករណី​ទី ៥ កើត​លើ​កុមារី​ម្នាក់​អាយុ ១១ ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ភូមិ​ឡា​អោក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម​(​បច្ចុប្បន្ន​ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​)​ដឹង​តាមរយៈ​ប្រព័ន្ធ​តាមដាន​ជំងឺ គ្រុនក្តៅ​របស់​អង្គការ​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នាវា​សហរដ្ឋអាមេរិក ត្រូវ​បាន​បញ្ជាក់​ដោយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០១៤ ថា​មាន​ជំងឺ​ផ្តាសាយ​បក្សី H5N1​។​

​នាង​ចាប់ផ្តើម​មាន​គ្រុនក្តៅ​នៅ​ថ្ងៃទី ០៩ ខែ​កុម្ភៈ ឆ្នាំ ២០១៤ ។ នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០១៤ នាង​បន្ត​មាន​អាការៈ គ្រុ​នក្តៅ ហូរ​សំបោរ ក្អក ឈឺ​បំពង់ក និង​ក្អួត ។ នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​ឆ្នាំ ២០១៤ បុគ្គលិក​គម្រោង​របស់​អង្គការ​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នាវា​សហរដ្ឋ​អា​មេ រិក​បានប្រមូល​សំ​ណាកពី​កុមារី ។ តាំងពី​មាន​ការអះអាង​បញ្ជាក់ថា មាន​ផ្ទុក​វីរុស H5N1 នាង ត្រូវបាន​បញ្ជូន​ទៅ និង​ដាក់​ឲ្យ​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០១៤ និង​បាន​ទទួល​ការព្យាបាល​ដោយ​ឱសថ Tamiflu នៅ​ថ្ងៃ​ដដែល​នោះ ។ នាង បាន​ទទួល​ការព្យាបាល និង​បាន​ជាសះស្បើយ​៕​

មតិយោបល់