ព័ត៌មានជាតិ

សាលា​រាជធានី គំរាម​លុបចោល​កិច្ចសន្យា​ភាស៊ី​ផ្សារ បើសិនជា​មិន​ធ្វើតាម​

​ក្រោយពី​មាន​មតិ​រិះគន់​និង ថ្នាំងថ្នាក់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជីវករ​ជាច្រើន​មក នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ​មីនា ឆ្នាំ ២០១៤ នៅក្នុង​កិច្ចប្រជុំ ដាក់​ផែនការ​ពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​ជាមួយ​ប្រធាន​ផ្សារ​រដ្ឋ ឯកជន​នៅ​ទូទាំង​រាជធានី ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​ដកតំណែង​អ្នក​គ្រប់ គ្រង​ផ្សារ​រដ្ឋ​ទាំង ២៦ នៅ​រាជធានី​ភ្នំពេញ និង​ព្រមាន​លុបចោល​ភាស៊ី​ផ្ញើ​កង់​-​ម៉ូតូ​នៅ​តាម ផ្សារ​ទាំងឡាយ ដែល​នៅតែ​បន្ដ​យក​ថ្លៃ​លើស​សៀវភៅ​បន្ទុក​ដែល​បានកំណត់ ហើយ​ស្នើឲ្យ ដាក់​ពាក្យបណ្ដឹង​តាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​ទីតាំង​ភាស៊ី​នៅ​តាម​ផ្សារ​ទាំង​នោះ​ផងដែរ​។​

​មិន​ត្រឹមតែ​ព្រមាន​ត្រឹម​នេះ​នោះ​ទេ លោក​អភិបាល​រាជធានី បាន​ស្នើ​ឲ្យ ដាក់​ប្រអប់ សំបុត្រ​នៅ តាម​ផ្សារ​នី​មួយៗ ដើម្បី​ទទួល លិខិត​ស្ដីពី​យោបល់ មតិ និង​ការរិះគន់​នានា​របស់​ក្រុមអាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋ ហើយ អភិបាលខណ្ឌ នី​មួយៗ ត្រូវ​កាន់​ប្រអប់​សំបុត្រ​នេះ ដើម្បី​ពិនិត្យមើល និង​កែលម្អ​ឡើងវិញ ។​

​លើសពីនេះ លោក​អភិបាល​រាជធានី បាន​ស្នើ​ឲ្យ​តាម​ខណ្ឌ​នីមួយៗ​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់ ឲ្យមាន​របៀបរាប់រយ​។​
​គេ​នៅ​មិនទាន់​ដឹង​ថា ចំណាត់ការ​នេះ មាន​ប្រសិទ្ធភាព​កម្រិតណា​នោះទេ ព្រោះ​ថា​មុន​នេះ សាលា​រាជធានី បានកំណត់​ឲ្យ​តាម​ផ្សារ​នី​មួយៗ​យក​ថ្លៃ​ភាស៊ី​ទៅតាម​ការកំណត់ ប៉ុន្តែ​ការអនុវត្ត​ពុំ​មាន​ប្រសិទ្ធភាព​នោះទេ​៕​
S-175

មតិយោបល់