ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងសៀមរាប ចាប់ឃាត់ម៉ូតូប្រើបំពង់ស៊ីមាំងឮខ្លាំង ដែលបង្កការរំខានដល់អ្នកដទៃ

សៀមរាប: ក្រុមជិះម៉ូតូប្រើបំពង់ស៊ីមាំងធំ បង្កឲ្យឮសំទ្បេងខ្លាំងនោះ ត្រូវបានមន្ត្រីចរាចរណ៍ខេត្តសៀមរាប ឃាត់ទុកបានជាង ១០ គ្រឿង។

តាមមន្ត្រីចរាចរណ៍ បានឲ្យដឹងថា ដោយមានការសំណូមពររបស់ប្រជាពលរដ្ឋ និងមានការណែនាំពីលោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានដឹកនាំកម្លាំងផ្ទាល់ ចុះដាក់គោលដៅ និងចាប់ដកហូត ម៉ូតូដាក់បំពង់ស៊ីមាំងកែច្នៃ ខុសបច្ចេកទេស ដែលធ្វើឲ្យមានសំទ្បេងខ្លាំង រំខានដល់អ្នកដទៃនៅពេលយប់ ហើយតម្រូវឲ្យម្ចាស់យករបស់ដើម [របស់ហ្សីន] មកប្ដូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ។

លោកវរសេនីយ៍ឯក ជិម សុវណ្ណ បានប្រាប់អង្គភាពប៉ុស្តិ៍ កាលពីព្រឹកថ្ងៃទី៣សីហាថា ការចុះចាប់នេះ នឹងប​ន្ដធ្វើដូចភ្លៀងរលឹម ដោយយោងតាមការណែនាំ របស់លោកឧត្តមសេនីយ៍ខេត្ត។ ក្នុងនោះលោក បានបញ្ជាក់ថា ម៉ូតូដែលដាក់បំពង់ស៊ីមាំងខុសបច្ចេកទេស ឃាត់បានចំនួន ១៣គ្រឿង ។ ជាមួយគ្នានេះ នគរបាលចរាចរណ៍ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមាន និងកំពុងប្រើប្រាស់ ម៉ូតូខាងលើ សូមកែសម្រួលទ្បើងវិញ ជៀសវាង ខាតបង់ថវិការ និងពេលវេលា៕

មតិយោបល់