ព័ត៌មានជាតិ

លួចម៉ូតូពីខេត្តសៀមរាប មកជាប់ខ្នោះសមត្ថកិច្ចខេត្តកំពង់ធំ

កំពង់ធំៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការស្រុកស្ទោង ស្ទាក់ចាប់បាន ក្រោយពីទទួលព័ត៌មានថា ពួកគេទាំង២នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមកពីខេត្តសៀមរាប លុះមកដល់ទឹកដីស្រុកស្ទោង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង។

លោក វ៉ន សុភ័ណ អធិការរងនគរបាលស្រុកស្ទោងទទួលផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យខាងលើបានលួចម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរី២០១៥ មួយគ្រឿងមកលក់ឲ្យទីតាំងលក់ម៉ូតូ១កន្លែង ស្ថិតនៅក្នុងស្រុកស្ទោង ដោយពុំមានលិខិតស្នាម និងកាតគ្រី ទើបអ្នកទិញមានការសង្ស័យ ហើយបានរាយការណ៍ ជូនសមត្ថកិច្ចក៏បានឃាត់ខ្លួន ធ្វើការសាកសួរ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនមានឈ្មោះ ប៉ុន សាន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅផ្សាក្រោម ក្រុងសៀមរាម ខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះ បៃ ក្តេ ហៅសែមម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅថ្នល់ទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូកាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដែលជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ដន ដាម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគិរីមាន សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ខណៈម្ចាស់ទុកនៅក្រោមផ្ទះរួចក៏ជិះយកមកកាន់ខេត្តកំពង់ធំ។

ក្រោយពេលលួចម៉ូតូបាន ពួកគេក៏ជិះម៉ូតូមកកាន់ខេត្តកំពង់ធំ ហើយក៏ទុកឲ្យឈ្មោះ ប៉ុន សាន លក់ ចំណែកបក្ខពួកម្នាក់ទៀតក៏ហួសមកស្រុកកំណើតនៅភូមិនីពេជ(ក) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុក និងប៉ុស្តិ៍សហការឃាត់ខ្លួនបាន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ រួមនឹងម៉ូតូ ត្រូវកម្លាំងនគរបាលស្រុកស្ទោងប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលខេត្តសៀមរាប ចាត់ការតាមនីតិវិធីច្បាប់៕

លួចម៉ូតូ (1)លួចម៉ូតូ (2)លួចម៉ូតូ (3)លួចម៉ូតូ (4)លួចម៉ូតូ (5)

មតិយោបល់