ស្ត្រីវ័យ ៣២ឆ្នាំម្នាក់បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នាង និងកូនៗ បានវក់នឹងការលេងហ្គេម Candy Crush រហូតរកពេលទំនេរ និងដេកគ្មាន។
ស្ត្រីនោះ បានបង្ហាញឲ្យដឹងថា បន្ទាប់ពីត្រឡប់មកពីកន្លែងធ្វើការវិញ នាងតែងតែលេងហ្គេមមួយនេះរហូតដល់យប់ ជាពិសេសគឺអង្គុយលេងនៅចុងគ្រែកូនស្រីរបស់អ្នកស្ត្រីតែម្ដង ព្រោះថាកូនៗគាត់ក៏ចូលចិត្តលេងវាដែរ។ គាត់បានបន្ថែមទៀតថា មានពេលខ្លះគាត់លេងរហូតដល់យប់ជ្រៅ ព្រោះតែចង់ឡើង Level ។
ស្ត្រីដែលវក់នឹងការលេងហ្គេម Candy Crush បានបញ្ជាក់ថា គាត់បានចំណាយលុយយ៉ាងច្រើនសន្ធឹកក្នុងការលេងហ្គេមនេះ ហើយមិត្តរួមការងាររបស់អ្នកស្រីក៏ចូលចិត្តលេងហ្គេមនេះផងដែរ។
ចំណែកស្ត្រីវ័យ ២៣ឆ្នាំ ជាអ្នកធ្វើការនៅក្នុងហាងលក់គ្រឿងអលង្ការបានឲ្យដឹងថា ហ្គេម Candy Crush ជាអ្នកសម្លាប់ភាពអផ្សុករបស់គាត់ ពេលមាន Candy Crush គាត់មានអារម្មណ៍ថារីករាយ ភាពអផ្សុកទាំងប៉ុន្មានត្រូវបានរសាត់បាត់អស់។
តាមការស្រាវជ្រាវថ្មីចុងក្រោយមួយបានបញ្ជាក់ថា ស្ត្រីដែលមានស្មាតហ្វូនភាគច្រើនបាននាំគ្នាវក់នឹងការលេង Candy Crush ជាពិសេសសម្រាប់អ្នកដែលមានពេលទំនេរច្រើន។
គួរបញ្ជាក់ផងដែរថា Candy Crush ជាហ្គេមមួយដែលផ្ដល់ជូនឥតគិតថ្លៃ ប៉ុន្តែអ្នកលេងត្រូវចំណាយលុយដើម្បីឡើង Level ខ្ពស់ ដោយតាមការបញ្ជាក់ពីក្រុមហ៊ុន King ដែលជាអ្នកផលិត Candy Crush បានឲ្យដឹងថា មួយថ្ងៃ ក្រុមហ៊ុនរកប្រាក់បាន ៨៥០.០០០ដុល្លារអាមេរិក៕
មតិយោបល់