ភ្នំពេញ ៖ នារីជាសង្សារម្នាក់ មានមុខរបរជាអ្នកបំរើការងារផ្នែកចែកបៀនៅកាស៊ីណូ ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាល ពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ឃុំខ្លួនដាក់ពន្ឋនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ នាំចូលគ្រឿងញៀនឲ្យសង្សារដល់ក្នុង ពន្ឋនាគារព្រៃស តែត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ។
នារីជាសង្សាររូបនេះឈ្មោះ ផែង សុខធីតា អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ ខ្លួននៅតាមដងផ្លូវសាធារណៈ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ពីបទនាំគ្រឿងញៀនចូលក្នុងពន្ឋនាគារព្រៃស ។
ប្រភពព័ត៌មានពីមន្ត្រីតុលាការបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួននារីឈ្មោះ ផែង សុខធីតា នេះ គឺមន្ត្រីពន្ឋនាគារបានឃាត់ខ្លួនបុរសជាសង្សារជក់គ្រឿងញៀនក្នុងពន្ឋនាគារ ។ តាមចម្លើយសារភាព របស់បុរសជាសង្សារ គឺគ្រឿងញៀននេះ នារីជាសង្សារជាអ្នកផ្ញើមកឲ្យខ្លួនក្នុងពន្ឋនាគារ ។ ផ្តើមចេញពីការ ចង្អុលបង្ហាញនេះ តុលាការបានចាត់ការតាមនីតិវិធីជាបន្តបន្ទាប់ រហូតចេញដីកាចាប់ខ្លួនឈ្មោះ ផែង សុខធីតា តែម្តង ។
នៅដំណាក់កាលនេះ ឈ្មោះ ផែង សុខធីតា បានឆ្លើយសារភាពថា ពិតជានាំយកគ្រឿងញៀន ឲ្យសង្សារក្នុងពន្ឋនាគារប្រាកដ ៕
មតិយោបល់