ភ្នំពេញ៖ ដោយមានសំណូមពរពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ នាវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសចំនួន ១៤នាក់ បានចុះជួយ រុករកសាកសព ក្មេងប្រុសម្នាក់ឈ្មោះ ឃៀង សុខលាប អាយុ ១៨ខែ ដែលបានធ្លាក់ចូលប្រឡាយទឹកស្អុយ ស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថាកុមាររងគ្រោះបានធ្លាក់ចូលប្រឡាយទឹកស្អុយនៅម៉ោងប្រមាណ ៣ល្ងាចខណៈដែលដើរទៅទិញការ៉េមនៅជិតនឹងមាត់ប្រឡាយ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយរាវរកផងដែរ ប៉ុន្តែពុំអាចរកឃើញនោះទេ។ លុះរហូតមកដល់ម៉ោង ៧:៣០ យប់ទើបមានការរាយការណ៍មកកាន់កងកម្លាំងសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសដើម្បីចុះជួយសង្គ្រោះ។
ក្រោយចុះដល់ទីតាំងកើតហេតុកម្លាំងជំនាញបានរាវរកអស់រយៈពេលជាង ២០នាទី ទើបរកឃើញ និងបានប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។
ឧត្តមសេនីយ៍ត្រី ស៊ុំសំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស ដែលបានដឹកនាំកម្លាំងចុះជួយក្នុងហេតុការណ៍នេះបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្បែមាត់ប្រឡាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗរបស់ខ្លួន ជៀសវាងបណ្តោយឱ្យដើរតែម្នាក់ឯង ឬលេងនៅកន្លែងមាត់ទឹកដែលអាចបង្ករឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយសារតែការធ្វេសប្រហែសពីសំណាក់អាណាព្យាបាល៕







មតិយោបល់