ព័ត៌មានជាតិ

បុរសម្នាក់គិតខ្លីសម្រេចចិត្តយកក្រម៉ាចងកសម្លាប់ខ្លួនឯង!

កណ្តាល: បុរសម្នាក់ដោយបានទទួលដំណឹងថាម្តាយរបស់ខ្លួនជួបគ្រោះថ្នាក់បណ្តាលឲ្យបាក់ដៃ ហើយខ្លួនពិបាកចិត្តគិតច្រើន ព្រោះតែកំព្រាឪពុកផង ក្រោយពីផឹកស្រារួច ក៏បានចូលទៅក្នុងបន្ទប់ហើយយកក្រម៉ាចងកសម្លាប់ខ្លួនឯង បង្កឱ្យមានការភ្ងាក់ផ្អើល។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៨និង៥៥នាទីយប់ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមប្រភពព័ត៌បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ខឹម ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកបររថយន្ត បច្ចុប្បន្នរស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមការបំភ្លឺពីក្រុមគ្រួសាររបស់ជនរងគ្រោះបានឱ្យដឹងថា នៅពេលដែលទទួលដំណឹងថាម្តាយរបស់ខ្លួនជួបគ្រោះថ្នាក់បណ្តាលឲ្យបាក់ដៃ គឺជនរងគ្រោះពិបាកចិត្ត គិតច្រើនដោយសារខ្លួនកំព្រាឪពុក ហើយត្រូវមករស់នៅជាមួយប្រពន្ធ ដោយឃ្លាតឆ្ងាយពីម្តាយបង្កើត រាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រា ហើយគិតច្រើន។ លុះមកដល់ថ្ងៃកើតហេតុខាងលើ ក្រោយពីផឹកស្រារួច ជនរងគ្រោះក៏បានចូលទៅក្នុងបន្ទប់ហើយបានយកក្រម៉ាចងកសម្លាប់ខ្លួនឯង បន្តិចក្រោយមកត្រូវបានសាច់ញាតិបានឃើញ ហើយក៏បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីសង្រ្គោះជីវិត តែនៅពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបច្ចេកទេស ក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធចុះទៅធ្វើការពិនិត្យសាកសព ដោយបានសន្និដ្ឋានថា គឺពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាត (ចងក) ដោយខ្លួនឯងពិតប្រាកដមែន ហើយសពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់