ព័ត៌មានជាតិ

អ្នកជំនាញ​វេជ្ជសាស្ត្រ​បារម្ភ​ពី​ជំងឺឆ្លង​ប្រភេទ​ថ្មី ដែល​កំពុង​រាតត្បាត​នៅ​កម្ពុជា​និង​ក្នុង​តំបន់​

​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បារាំង​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ផ្តើម ​បើក​ការស្រាវជ្រាវ ក្នុង​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺឆ្លង​ប្រភេទ​ថ្មីៗ នៅក្នុង​ប្រទេស កម្ពុជា ក៏ដូចជា​នៅ​ក្នុង​តំបន់ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ខ្ពស់ ខណៈ​ដែល ​ជំងឺឆ្លង​ទាំងនេះ បាន និង​កំពុង​ចាប់ផ្តើម​លេចឡើង​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍ នោះ​។​

​នៅក្នុង​សន្និសីទ​អ្នកជំនាញ​ថ្នាក់​តំបន់​ពី​ថ្ងៃ​ទី ១១ និង​ថ្ងៃ​ទី ១២ ខែ​មីនា​ឆ្នាំ ២០១៤ នៅ ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់ ក្នុង​រាជធានី​ភ្នំពេញ​ស្តីពី​ជំងឺឆ្លង ដែល​មាន​លេចឡើង​នៅ​អាស៊ី​អាគ្នេយ៍ ​ឯកឧត្តម​សាស្ត្រាចារ្យ Vincent Deubel នាយក​វិទ្យាស្ថាន​ប៉ាស្ទរ័​កម្ពុជា​មានប្រសាសន៍ថា នេះ ជា​ការចាប់ផ្តើម​ពិភាក្សា​បន្ទាប់ពី​ការ​រុករក​ឃើញ​ថ្មី​លើ​ជំងឺឆ្លង​នានា និង​មេរោគ​បង្ក​ជំងឺ​ផ្សេងៗ ដូច​ជា​មេរោគ​ជំងឺគ្រុនឈាម ជំងឺ​គ្រុន​ផ្តាសាយធំ ភាព​សុំា​របស់​បាក់តេរី និង​ជំងឺផ្តាសាយបក្សី ដែល​កំពុង​កើតឡើង​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់ និង ពិភពលោក ។ ឯកឧត្តម​ថ្លែងថា ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ និង​កិច្ចសហការ​រវាង អ្នកជំនាញ​ថ្នាក់ស្រុក​តំបន់ និង​អន្តរជាតិ​នាពេល​នេះ​នឹង​នាំមក​នូវ​ដំណោះស្រាយ​ថ្មីៗ ​ក្នុង​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការ​រាតត្បាត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់ ប្រទេស កម្ពុជា និង​ប្រទេស​នៅ​តំបន់ ។​

​ឯកឧត្តម​នាយក​វិទ្យាស្ថាន​ប៉ាស្ទរ័​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​ត្រូវតែ​មាន​យន្តការ ការពារ ឲ្យបាន​ជាប់​ជាប្រចាំ ដោយសារតែ​ប្រទេស​យើង​ងាយ​ប្រឈម​នឹង​ជំងឺឆ្លង និង​ការ​លេច ឡើង​នូវ​មេរោគ​ថ្មីៗ ។​ម្យ៉ាងទៀត​លទ្ធភាព​នៃ​ការសិក្សា​ស្រាវជ្រាវ​នៅ​មាន​កម្រិត​នៅឡើយ​ទាំង​ធនធាន និង​អ្នក
​ជំនាញ​ផ្នែក​ស្រាវជ្រាវ​នេះ​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​មានប្រសាសន៍ថា ​កិច្ចពិភាក្សា​នេះ​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ ខណៈ​ដែល​ជំងឺ​ប្រភេទ​ថ្មីៗ​ទាំងនេះ​កំពុង មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ឆ្លង នឹង​បាត់បង់ ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​ប្រទេស​ទៀត​ផង ។ ឯកឧត្តម​រដ្ឋ មន្ត្រី​បញ្ជាក់ថា ទោះបីជា​កម្ពុជា​មាន​កិច្ច​ខំ​ខិត​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​ទាំងនេះ​ក៏ ដោយ ក៏​កម្ពុជា​នៅតែ​ត្រូវការ​ដំណោះស្រាយ​ថ្មីៗ​បន្ថែម​ទៀត​ពី​ដៃគូ​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​ការ ទប់ស្កាត់​ទទួលបាន​ជោគជ័យ​។​

​សូមបញ្ជាក់​ថា មកដល់​ឆ្នាំ ២០១៤ នេះ​ជំងឺផ្តាសាយបក្សី H5N1 បាន​កើតឡើង ៥៥ ករណី​ហើយ​នៅ​កម្ពុជា ដែល​ជា​ធម្មតា​ឆ្លង​រាលដាល​ពី​បក្សី​ទៅ​មនុស្ស​តាមរយៈ ការទំនាក់ទំនង ដោយផ្ទាល់ ។ ប៉ុន្តែ​អ្នកជំនាញ​បារម្ភ​ថា វា​អាច​នឹង​ប្រែប្រួល​ទៅ​ជា​ទម្រង់​ឆ្លង យ៉ាង​ងាយ​ទៅ កាន់​មនុស្ស ដែល​អាច​ឈាន​ទៅ​ដល់​ការ​រាតត្បាត​នៅ​ទូទាំង​ប្រទេស​ឬ​ពិភពលោក​ផង​ដែរ​៕
1a_view
​ប្រភព​៖ AKP​

មតិយោបល់