ភ្នំពេញ ៖ ហេតុការណ៍មួយបណ្ដាលអោយភ្ញាក់ផ្អើលពេញមួយខណ្ឌ៧មករា ខណៈដែរបុរសម្នាក់លួចបើករថយន្តឪពុកចេញពីផ្ទះហើយព្យាយាមជិះគេចយកទៅលក់ តែត្រូវក្រុមគ្រួសារប្ដឹងសមត្ថកិច្ចដេញតាមចាប់បានត្រូវប្រជាពលរដ្ឋព្រួតវាយបណ្ដាលអោយរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៦ខែមិនាឆ្នាំ២០១៤ ស្ថិតនៅត្រង់ចំណុចស្ដុបអាងទឹក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
សមត្ថកិច្ចបានអោយដឹងថា បុរសឈ្មោះ ស៊ឹម សោភ័ណ្ឌ ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅផ្ទះលេខ 54Eo ផ្លូវលេខ១៨៤ ក្នុងសង្កាត់បឹងរាំង ដូនពេញ ត្រូវជាកូនរបស់លោក ស៊ឹម ណាត អាយុ៤៨ឆ្នាំមុខរបរកស៊ីមានទីលំនៅផ្ទះលេខ 54Eo ផ្លូវលេខ១៨៤ ក្នុងសង្កាត់បឹងរាំង ដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុបុរសឈ្មោះ ស៊ឹម សោភ័ណ្ឌ ជាកូនបង្កើតលោក ស៊ឹម ណាត បានយករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-8107 បើកចេញពីផ្ទះហើយត្រូវក្រុមគ្រួសារចេញតាមនិងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ លុះមកដល់ចំណុចស្ដុបអាងទឹកសមត្ថកិច្ចបានឃាត់រថយន្តនិងអ្នកបើកបរជាប់ ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះគិតថាជាចោរក៏នាំគ្នាព្រួតវាយបណ្ដាលអោយរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានបញ្ជូនអ្នកបើកបររួមទាំងរថយន្តយកទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាដើម្បីធ្វើការសាកសួរ។ លោក ស៊ឹម ណាត ជាឪពុកបុរសរូបនោះបានឱ្យសមត្ថកិច្ចដឹងថា កន្លងមកកូនរបស់គាត់ ស៊ឹម សោភ័ណ្ឌ ធ្លាប់យកម៉ូតូទៅលក់ម្ដងហើយ ទើបពេលរូបគេយករថយន្តចេញពីផ្ទះ ក្រុមគ្រួសារមានការបារម្ភខ្លាចគេយករថយន្តទៅលក់ទៀត ទើបដេញតាមនិងអោយសមត្ថកិច្ចជួយឃាត់តែម្ដង។
ពាក់ព័ន្ធនិងករណីនេះក្រុមគ្រួសាររបស់បុរសរូបនោះ សូមអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ចុះព្រោះគាត់គ្មានសមត្ថភាពគ្រប់គ្រងកូនរបស់គាត់ទៀតទេ នឹងដើម្បីចង់ផ្ដល់មេរៀនអោយកូនគាត់ដឹងខ្លួនខ្លះ កុំអោយបំផ្លាញទ្រព្យសម្បត្តិរបស់ពួកបន្តទៅទៀត៕


មតិយោបល់