ព័ត៌មានជាតិ

សាហាវមែន! ឡិចស៊ីសបើកលឿន បុកម៉ូតូ របួសធ្ងន់៣នាក់ ដាច់ជើងម្ខាង!

សៀមរាបៈ លោកវរសេនីយឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានប្រាប់ Post News ថា នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់៣នាក់ នៅតាមដងផ្លូវជាតិលេខ៦ ចំណុច ចន្លោះគីឡូម៉ែត្រលេខ៣៥៦-៣៥៧ ស្ថិតក្នុងភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនរងគ្រោះម៉ូតូមានគ្នា៣នាក់៖ ទី១ឈ្មោះ ង៉ិក សុថាត់ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅ ភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប (ដាច់ជើងខាងឆ្វេងត្រឹមក្រលៀន និងបាក់កំភួនដៃខាងឆ្វេង)។
ទី២ឈ្មោះ សោម សុជាតិ ភេទ ប្រុស អាយុ ២២ឆ្នាំ ទីលំនៅ ភូមិ អូរក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប (បាក់ភ្លៅខាងឆ្វេង)។ និងទី៣ឈ្មោះ អែម សុផាត ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ ភូមិ អូរក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប (បាក់ដៃលើកែងដៃខាងឆ្វេង)។ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១០០ ពណ៌ក្រហម ស៊េរីឆ្នាំ២០០០ គ្មានស្លាកលេខ។
ចំណែករថយន្តបង្កមានគ្នា២នាក់៖ ទី១ឈ្មោះ ឯម ចាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ(ម្ចាស់រថយន្ត) ទីលំនៅភូមិ រូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។ និតទី២ឈ្មោះ ហេង ហៀង ភេទប្រុស អាយុ២៩ឆ្នាំ(អ្នកបើកបររថយន្ត) ទីលំនៅភូមិ ស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

រថយន្តបង្កម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6607 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ករ៉េចង្កូតទៅខាងឆ្វេងដៃបុកម៉ូតូជនរងគ្រោះចំពីចំហៀងខាងឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់។ ភ្លាមៗនោះសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។ ចំណែករថយន្តបង្ក និងម៉ូតូខាងជំនាញបានយកមករក្សាទុកនៅអធិការនគរបាលស្រុក។
ក្រោយពេលបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យឈ្មោះ សោម សុជាតិ ភេទ ប្រុស អាយុ២២ឆ្នាំ ទីលំនៅ ភូមិ អូរក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (ស្លាប់) ហើយសាកសពកម្លាំងជំនាញបានធ្វើកំណត់ ហេតុប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ចំពោះករណីនេះ កម្លាំងជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត៕

មតិយោបល់