ភ្នំពេញ ៖ កក្រើកពេញមួយខណ្ឌមានជ័យដោយមានក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាពបាញ់ប្លន់២កន្លែងផ្សេងគ្នាក្នុងចន្លោះពេល១៥នាទី បណ្ដាលអោយនារីម្នាក់រងរបួសស្រាលត្រូវក្រុមចោរបាញ់គំរាម២គ្រាប់យកម៉ូតូតែមិនបានក៏វាយយកខ្សែក លុយនិងទូរស័ព្ទគេចខ្លួនបាត់ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវក្រុមចោរបាញ់២គ្រាប់ត្រូវមួយគ្រាប់ចំចង្កេះពីក្រោយបៀមគ្រាប់ជាប់ ប្លន់យកម៉ូតូសង់ឌ្រីម C125 ស៊េរី២០១៤មួយគ្រឿងជិះគេចខ្លួនបាត់ដោយសុវត្តិភាព។
ករណីប្លន់ប្រដាប់អាវុធទី១បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៩ខែមិនាឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវលំការដ្ឋានក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីនារីរងគ្រោះឈ្មោះ សយ ដាឡែន អាយុ២៣ឆ្នាំមានទីលំនៅផ្ទះជួល ផ្លូវលេខ២២១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិពោធិ៍ដុស ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុនាងបានទូរស័ព្ទហៅគូរដណ្ដឹងឈ្មោះ តូច សង្វារ ភេទប្រុសអាយុ៣០ឆ្នាំមកយកនាងនៅផ្ទះក្បែរចំណុចកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូសង់ឌ្រីមC125 ស៊េរី២០១១ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពជិះម៉ូតូមកក្បែរ ហើយពួកវាបានស្រែកថា អោយសោរម៉ូតូមកអញ…ដោយពួកវាមានកាន់កាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក ពណ៌ទឹកប្រាក់ ប៉ុន្តែនាងមិនព្រមប្រគល់អោយ បន្ទាប់មកក្រុមចោរប្រដាប់អាវុធនោះក៏បានបាញ់មួយគ្រាប់ឡើងលើគំរាម ហើយក៏បាញ់មួយគ្រាប់ទៀតចូលចន្លោះជើង នាង ថែមទាំងទះនាងមួយដៃយកខ្សែក និងលុយនៅក្នុងកាបូបចំនួន១៦០ដុល្លាររួមទាំងទូរស័ព្ទដៃម៉ាកសាំសុងកាឡាក់ស៊ីអេស ពណ៌ស មួយគ្រឿង រួចជិះម៉ូតូគេខ្លួនដោយសុវត្តិភាព។
ដោយឡែកចំពោះករណីប្លន់ប្រដាប់អាវុធមួយកន្លែងទៀតបានកើតឡើងចន្លោះគ្នាប្រហែល១៥នាទីដែលស្ថិតនៅចំណុចផ្លូវ ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយក្រុមចោរបានបាញ់ប្លន់ម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមC125 ពណ៌ខ្មៅ ស៊េរី២០១៤ ពីបុរសម្នាក់ពេលដែលកំពុងដឹកប្រពន្ធទៅផ្ទះបានសំរេច ដោយក្រុមចោរប្រដាប់អាវុធប្រើកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បានបាញ់២គ្រាប់ត្រូវជនរងគ្រោះមួយគ្រាប់ចំចង្កេះពីក្រោយបៀមគ្រាប់ជាប់បណ្ដាលអោយរងរបួសធ្ងន់ហើយក្រុមចោរប្រដាប់អាវុធនោះបានយកម៉ូតូជិះគេចខ្លួនដោយសុវត្តិភាព។
ចំពោះជនរងគ្រោះខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ លី វីឡន អាយុ២៥ឆ្នាំហើយនៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូជាមួយនិងប្រពន្ធក្នុងបំណងជិះត្រឡប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូសង់ឌ្រីមC125 ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពដកកាំភ្លើងមួយដើមមិនស្គាល់ម៉ាក បាញ់២គ្រាប់សំដៅបុរសរងគ្រោះដែលកំពុងជិះម៉ូតូនោះបណ្ដាលអោយត្រូវមួយគ្រាប់ចំចង្កេះបញ្ឆិតបៀមគ្រាប់ជាប់ ហើយក៏ធ្វើអោយជនរងគ្រោះដួលម៉ូតូ រួចជនល្មើសបានលើកម៉ូតូជនរងគ្រោះជិះចេញពីកន្លែងកើតហេតុបាត់ដោយសុវត្តិភាពតែម្ដង។
ចំពោះហេតុការណ៍ប្លន់ប្រដាប់អាវុធ២ករណីខាងលើនេះត្រូវបានគេសន្និដ្ឋានថា ជនល្មើសដែលក្រុមចោរខាងលើនេះជនមនុស្សតែមួយ ដែលក្រុមចោរនេះធ្វើសកម្មភាពប្លន់មួយកន្លែងចង់យកម៉ូតូតែមិនបានហើយជិះគេចខ្លួន ប្រទះឃើញជនរងគ្រោះនៅកន្លែងផ្សេងក៏ឆ្លៀតឱកាសធ្វើសកម្មភាពម្ដងទៀតបាញ់ប្លន់ជនរងគ្រោះយកម៉ូតូបានសម្រេចតែម្ដង ក៏ប៉ុន្តែសមត្ថកិច្ចបានត្រឹមតែមកកន្លែងកើតហេតុមើលប៉ុណ្ណោះ។
ទាក់ទិននិងករណីខាងលើនេះប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចសូមមេត្តាយកចិត្តទុកដាក់ចំពោះក្រុមចោរដែលតែងធ្វើសកម្មភាពប្លន់រៀងរាល់យប់រៀងរាល់ថ្ងៃ តើសមត្ថកិច្ចមានវិធានការយ៉ាងមិចចំពោះក្រុមចោរខាងលើនេះ? ៕
មតិយោបល់