ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៤ត្រង់ចំណុចផ្លូវលេខ២៦១ កែងផ្លូវលេខ១៨២ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ពន្លក អាយុ១៧ឆ្នាំជាសិស្ស ស្នាក់នៅផ្ទះលេខ7Eo ក្រុម៤ ផ្លូវលេខ២៦៧ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ទី២ឈ្មោះ ចាន់ ដារ៉ូ អាយុ១៧ឆ្នាំជាសិស្ស មានទីលំនៅផ្លូវលេខ២៦១ កែងផ្លូវលេខ១៨២ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ទី៣ឈ្មោះ សាន់ សុខអូន អាយុ១៦ឆ្នាំជាសិស្សមានទីលំនៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញនិងទី៤ឈ្មោះ ឌុក សឿន អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយដកហូតបានថ្នាំញៀនប្រភេទក្រាមថ្លាចំនួន២កញ្ចប់តូច និងម៉ូតូគុបតឿ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BW-5044 មួយគ្រឿង។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានជិះម៉ូតូល្បាតហើយក៏ប្រទះឃើញយុវជន៤នាក់គួរអោយសង្ស័យហើយកម្លាំងសមត្ថកិច្ចក៏ឃាត់សួរនាំ តែជនសង្ស័យ៣នាក់បានឡើងជិះម៉ូតូព្យាយាមរត់គេច ហើយកម្លាំងកងរាជអាវុធហត្ថក៏ធ្វើការឃាត់យុវជនម្នាក់នៅនិងកន្លែង ហើយសមត្ថកិច្ចបានជិះម៉ូតូដេញតាមព័ទ្ធចាប់បានយុវជនសង្ស័យទាំង៣នាក់នោះភ្លាមៗផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៤ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោកធ្វើការសាកសួរ និងបញ្ជូនបន្តទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់