ព័ត៌មានជាតិ

រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​គ្នា​ជាមួយ​រថយន្ត​ស្ទូច​ដាច់​កាឡេ​កង់​ទៅមុខ​លែងរួច តែ​គ្មាន​អ្នករងរបួស

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស​មួយគ្រឿង ដឹក​ឥ​វ៉ាន់​ពេញ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ខេត្ត​រតនគិរី បាន​បុក​ប៉ះគ្នា​ជាមួយ​រថយន្ត​ស្ទូច​បញ្ជា​ការដ្ឋាន​កងវិស្វកម្ម មុខ​ផ្សារ​ព្រែកលៀប រង​ការខូចខាត​ទាំងសងខាង កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី យប់​ថ្ងៃ​ទី​៣០​ខែ​មីនា​ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ចំណុះ​៥​តោន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6972 ដឹក​សម្ភារៈ​គ្រឿងទេស ធ្វើដំណើរ​ពី​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ឆ្ពោះទៅ​កាន់​ខេត្ត​រតនះគិរី មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្តស្ទូច​ពណ៌​ត្រេអ៊ី របស់​បញ្ជាការដ្ឋាន​ក​ង​វិស្វកម្ម ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ 01 4-6922 ជិះ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ច្រាសទិស​គ្នា មកដល់​ចំណុច​កើតហេតុ ការដ្ឋាន​ជួលជុល​ផ្លូវ គឺ​មាន​ស្លាក​សញ្ញា​ប្រាប់​ឱ្យ​ជិះ​វាង​ទៅ​ផ្លូវ​ក្រោម​ដែល​ជា​ផ្លូវដី ទើប​និង​ស្ថាបនា តែ​រថយន្ត​ស្ទូច​នេះ​មិន​ព្រម​ជិះ​តាម ស្លាក​សញ្ញា​បង្ហាញ​ទិស នៅ​តែ​ប្រឹង​បើក​បញ្ជ្រៀត លើ​ផ្លូវ​កៅស៊ូ​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ក៏​បាន​បុក​បោក​ផ្ទប់​គ្នា គាប​ជាប់​ទៅមុខ​លែងរួច បណ្តាលឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ដាច់​កាឡេ​មុខ​ដូចគ្នា សល់​តែ​បន្តិច​ទៀត​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធ្លាក់​ផ្លូវ​ក្រឡាប់​បាត់ សំណាង​ដែល​ពុំមាន​មនុស្ស​រងរបួស​។​

​ក្រោយពេល​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង ធ្វើ​ចរចារ​គ្នា​មិន​ត្រូវ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វាស់វែង​អូស​យក​រថយន្ត​ទាំង​០២​គ្រឿង​ទៅ​ដោះស្រាយ​គ្នា នៅ​ការិយាល័យ​ចរាចរ​ជើង​គោល​ស្នងការ​នរគ​បាល​រាជធានី​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

2014-03-31_095437

2014-03-31_095415

មតិយោបល់