រាជធានីភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូក្នុងល្បឿនលឿនបុកចំពាក់កណ្ដាលរថយន្តហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ដឹកអូសពេញ ខ្ទាតម៉ូតូចូលក្រោមកង់រថយន្តកិនខ្ទេច កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានថ្ងៃទី៣១ខែមីនាឆ្នាំ២០១៤ នៅត្រង់ចំណុចផ្លូវលេខ២១៧កែងផ្លូវលេខ៣៧១ ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ក្បាលពណ៌ស ចំណុះ៥តោន ពាក់ស្លាកលេខ ព្រះសីហនុ 3A-0784 ដឹកអុសពេញធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវបំបែកបំរុងបត់ឆ្វេងឆ្ពោះទៅផ្លូវ៣៧១ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-0403 ជិះធ្វើដំណើរដោយបុរស២នាក់តាមផ្លូវ៣៧១ ក្នុងល្បឿនយ៉ាងលឿនឆ្លងផ្លូវ ក៏បុកចំពាក់កណ្ដាលរថយន្តពីជំហៀងខ្ទាតម៉ូតូចូលក្រោមកង់រថយន្តកិនខ្ទេច បណ្តាលឱ្យបុរសម្នាក់ត្រូវរថយន្តកិនជើងទាំង២របួសធ្ងន់ និងម្នាក់ទៀតរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនៅនិងកន្លែង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត្រមកដឹកជនរងគ្រោះយកទៅព្យាបាលភ្លាមៗ អ្វីដែលហួសចិត្តពេលដែលរថយន្តសាមុយដាក់ជនរងគ្រោះហើយរៀបធ្វើដំណើរចេញបានប្រហែល២០ម៉ែត្ររថយន្តក៏រលត់ម៉ាស៊ីនទៅមុខលែងរួច ប្រហែលជា១៥នាទីរថយន្តសាមុយដែលខូចក៏បានទំនាក់ទំនងហៅរថយន្តមួយគ្រឿងទៀតមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យបន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងអូសយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកស្នងការនគរបាលរាជធានីដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់