ព័ត៌មានជាតិ

មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​កំពង់ត្រឡាច ដោះលែង​រថយន្ត​ដឹក​ឈើប្រណិត​ស្ងាត់ៗ ថ្នូរ នឹង​ទឹកប្រាក់ ៦​ពាន់​ដុល្លារ​

​ប្រភព​ពត៌មាន​ច្បាស់​ការ ពី​អ្នក​ជិតដិត និង​ម្ចាស់​ឈើ​ប្រណិត ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្រុក​កំពង់ត្រឡាច ឃាត់​ចាប់បាន ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក និល ប៊ុនធឿន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ស្រុក​កំពង់ត្រឡាច កាលពី​វេលា​ម៉ោង​ប្រមាណ​១​ទៅ​២​យប់ ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៤ ក្នុង​ដែន​សមត្ថកិច្ច ដែល​ខ្លួន​គ្រប់គ្រង ហើយ​បាន​ទទួល​លាភសក្ការៈ យ៉ាង​ក្រាស់ក្រែល​ជា​ថ្នូរ និង​ការដោះលែង​រថយន្ត និង​ឈើ ។

​ ​ប្រភព​បាន​បន្ត​អោយដឹងថា រថយន្ត​ខាងលើ ដឹក​ឈើប្រណិត ជា​ប្រភេទ​រថយន្ត​កូរ៉េ ម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ​២​តោន​កន្លះ កែ​ដឹក​១០​តោន ដឹកឈើ​ជាង​៦០​ដុំ ស្មើ​ប្រមាណ​៧​ទៅ​៨​ម៉ែត្រគូប ម្ចាស់​ឈើ​ឈ្មោះ ទូច ដឹកឈើ​ចេញពី​ខេត្ត​ពោធិសាត់ ឆ្លងកាត់​ទឹកដី​ខេត្ត​កំពង់ឆ្នាំង លុះ​មកដល់​ក្រុង​កំពង់ឆ្នាំង លោក និល ប៊ុនធឿន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ស្រុក​កំពង់ត្រឡាច ប្រទះ​ឃើញ​បាន​ប្រដេញ​រថយន្ត​នោះ រហូតដល់​ដែន​សមត្ថកិច្ច​ខ្លួន ក៍​បាន​ចាប់​ឃាត់​តែម្តង ។
​ក្រោយ​ពី​ឃាត់​រថយន្ត​ខាងលើ​បាន លោក និល ប៊ុនធឿន ជំរិត​ទារប្រាក់​ពី​ម្ចាស់​ឈើ ចំនួន ១​ម៉ឺន​ដុល្លា​ជា​ថ្នូរ និង​ការដោះលែង តែ​ដោយ​ម្ចាស់​ឈើ​សុំ​សំរួល ក្នុង​តំលៃ​មួយ ដែល​លោក​ទទួលយកបាន​គឺ​៦​ពាន់​ដុល្លា លោក និល ប៊ុនធឿន ក៍​ធ្វើការ​ដោះលែង​ស្ងាត់ៗ មិន​អោយ​ថ្នាក់លើ​ដឹង ការដោះលែង​រថយន្ត​ដឹកឈើ​ខាងលើ ជា​ថ្នូរ​និង​ទឹកប្រាក់​ចំនួន​៦​ពាន់​ដុល្លា​ខាងលើនេះ រហូតមកដល់​ថ្ងៃ​ទី​៣០ ខែ​មិនា ទើប​មាន​ការ​បែកធ្លាយ​ពត៌មាន ។

​ ​ពាក់ពាន់​និង​ករណី​ខាងលើនេះ ពេល​អ្នក​យក​ពត៌មាន​យើង ទូរស័ព្ទ​ចូល​សុំ​ការពន្យល់​បំភ្លឺ តាមរយៈ​លេខ​ទូរស័ព្ទ ០៩៧ ៩៩ ៦០ ៣៩៣ នៅ​ថ្ងៃ​ទី​៣១ ខែ​មិនា ឆ្នាំ​២០១៤ កន្លងទៅ ពេល​និយាយ​ដល់​ចំណុច​ពាក់ព័ន្ធ និង​ព៌តមាន​ដោះលែង​រថយន្ត​ខាង​លើជា​ថ្នូរ និង​ទឹកប្រាក់​៦​ពាន់​ដុល្លា លោក និល ប៊ុនធឿន មិន​ឆ្លើយ​អ្វី​ទាំងអស់ រួច​បិទ​ទូរស័ព្ទ​ចោល ធ្វើ​ដូច​គ្មាន​រឿង​អ្វី ៕

05

មតិយោបល់