ព័ត៌មានជាតិ

កម្មករ​រោងចក្រ​សេន​ចូ​វ​និង​រោងចក្រ​ដា​ភ្វាន​បន្តពុល​ដួលសន្លប់​ជា​ង​១០០​នាក់​ទៀត​

​ភ្នំពេញ​៖​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ សេន ចូ​វ និង​រោងចក្រ​កាត់ដេរ ដា ភ្វាន នា​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៤ នេះ​នៅ​បន្ត​ពុល​ដួលសន្លប់​ប្រមាណ​១១៣​នាក់​ទៀត​ហើយ នេះ​បើក​តាម​ការអះអាង​ពី​សមត្ថកិច្ច​។​

​ករណី​ពុល​សន្លប់​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ទាំងពីរ​ខាងលើ​នេះ​ត្រូវ​ក្រុមកម្មករ ដូចគ្នា​រៀបរាប់​ប្រាប់ថា គឺ​បណ្តាលមកពី​ខាង​រោងចក្រ​ផ្តល់​អាហារ​សាច់មាន់​ខូច​គុណភាព ឲ្យ​ពួកគាត់​ហូប​កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៤ មកម្ល៉េះ បន្ទាប់ពី​ហូប​ហើយ ពួកគាត់​មាន​អ​ការៈវិល​មុខ ចុកពោះ រាគ ក្អួត​ចង្កោ​រ ស្ទើរ​គ្រប់ៗ​គ្នា ប៉ុន្តែ​អ្នក​ណា​ហូប​ច្រើនជាងគេ គឺ អ្នក​នោះ​ចុកពោះ វិលមុខ រាគ​រួស​ខ្លាំងជាងគេ ទាល់តែ​ចាក់​ថ្នាំ ដាក់​សេរ៉ូម ទើប​ជា​សះស្បឿយ ឡើយ​វិញ​។​

​ប្រភព​ព័ត៌មាន​ពី​កម្មការិនី​ដដែល​ប្រាប់​បន្ត​ឲ្យដឹងថា កាលពី​ថ្ងៃ​ត្រង់ ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៤​នោះ គឺ​ខាង​រោងចក្រ​បាន​ផ្តល់​អាហារ​ឲ្យ​ពួកគាត់​ហូប​ដូច​ធម្មតា ដោយ​គ្រាន់តែ​ប្លែក​ថា អាហារ​នោះ​មាន​លក្ខណៈ​សម្បូរ​ហូរ​ហ៊ា​ជាង​ថ្ងៃ​ធម្មតា គឺ​សាច់​មាន់​កាប់​ដាក់​ទាំង​ចានៗ​ប៉ុន្តែ​មិន​មាន​ទឹកជ្រលក់​នោះទេ និង​សម្ល​រខ​ជើង​ជ្រូក​តៅ​ហ៊ូ លុះ​ពេល​ហូប​ហើយ​ថ្ងៃរសៀល​បន្តិច ស្រាប់តែ​ម្នាក់ៗ​មាន​អការៈ​ចុក​រមូល​ក្នុងពោះ រកកល់​ចង់​ខ្យល់​បន្តិច ចង់​ក្អួត​បន្តិច រហូត​ដល់​កណ្តាលអធ្រាត្រ​ម្នាក់ៗ​ចុក រាគ ក្អូត សឹងតែ​ដេក​មិន​លក់​។​
​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ថែមថា លុះដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៤ ពួកគាត់​បាន​ចូល​មក​ធ្វើការ​ធម្មតា ស្រាប់តែ​វេលា​ម៉ោង​ប្រហែល​៨​ទៅ​៩ ពួកគាត់ មាន​អការៈ ចុករ​មូល​ក្នុង​ពោះ វិលមុខ​កាន់តែ​ខ្លាំង​ឡើងៗ ក៏​ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅ​ពេល​កំពុង​បំពេញការងារ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចាក់​ថ្នាំ ព្យួរ​សេរ៉ូម លេបថ្នាំ ទើប​ធ្វើឲ្យ​អការៈ​ទាំងនេះ​ធូរស្រាល​ឡើងវិញ​។​

​ករណី​ពុល​ដួល​សន្លប់​ទាំង​នេះ​ត្រូវបាន​ក្រុមកម្មករ​សន្និដ្ឋានថា គឺ​បណ្តាលមកពី​អាហារ​មិនល្អ សាច់​មាន់​ខូចគុណភាព ហើយ​នៅពេល​ហូប​ទៅ​សាបៗ គ្មាន​រសជាតិ​នោះ​ទេ ដែល​ករណី​នេះ គឺជា​លើក​ទី​១ ហើយ​ដែល​ពួកគាត់​ជួបប្រទះ ហូបបាយ​ហើយ​ស្រាប់តែ​ម្នាក់ៗ​ចុកពោះ វិលមុខ ក្អួត រាគ បែបនេះ ។ ដូច្នេះ​ដើម្បី​កុំឲ្យ​កើតមាន​ករណី​នេះ​បន្ត​ទៀត សូម​ក្រសួង​មន្ទីរ ពាក់ព័ន្ធ មេត្តា​ជួយ​ចុះ​ត្រួតពិនិត្យ​មើល​ផង តើ​ករណី​ដែល​បណ្តាលឲ្យ​កម្មក​ររោង​ចក្រ​ជាច្រើន​នាក់ ចុកពោះ វិលមុខ ក្អួត រាគ​រួស​បែបនេះ គឺ​បណ្តាលមកពី​អាហារ​មិនល្អ ឬ​បណ្តាលមកពី​បរិយាកាស​នៅក្នុង​រោងចក្រ​មិនល្អ​។​

​សូមបញ្ជាក់​ថា រោងចក្រ​កាត់ដេរ សេន ចូ​វ និង​រោងចក្រ​កាត់ដេរ ដា ភ្វាន នេះ គឺ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​បន្ទាប់​ពី​មាន​ការពុល​ដួលសន្លប់​របស់​កម្មករ នៃ​រោងចក្រ​ទាំងពីរ​នេះ​រួច​មក ទើប​ព្រឹក​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៤ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​បើក​ការត្រួតពិនិត្យ ដោយ​សន្និដ្ឋានថា ករណី​ដួលសន្លប់​របស់​កម្មករ​-​កម្មការិនី ជាច្រើន​នាក់​នេះ គឺ​បណ្តាលមកពី​ការពុល​អាហារ​សាច់មាន់​៕

2014-04-04_145136

2014-04-04_145123

មតិយោបល់