ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះវីឡាដ៏ស្កឹមស្កៃមួយខ្នង នៅបុរីសាន់វ៉េ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះបន្ទប់ទទួលភ្ញៀវ និងបន្ទប់ផ្ទះបាយ នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃមួយខ្នង នៅក្នុងបុរីសាន់វ៉េ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបុរីសាន់វ៉េ ផ្ទះវីឡាលេខM៦១ ផ្លូវបេតុង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្តីពីអ្នកបម្រើនៅក្នុងផ្ទះវីឡាខាងលើបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់៣ទី៤នាក់ រួមទាំងម្ចាស់ផ្ទះ ប៉ុន្មាននាក់ទៀត បានកំពុងដេកនៅក្នុងផ្ទះជាន់ខាងលើ លក់យ៉ាងស្កប់ស្កល់។ លុះដល់វេលាកើតហេតុ ស្រាប់តែមានធំក្លិនឈ្ងៀម និងមានផ្សេងចេញមកពីបន្ទប់ទទួលភ្ញៀវនៅជាន់ផ្ទាល់ដី បន្ទាប់មកគាត់ក៏បានចុះមកមើល ស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះទូរតាំងនៅបន្ទប់ទទួលភ្ញៀវយ៉ាងសន្ធោសន្ធៅ ហើយគាត់ក៏ស្រែឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងលើ និងសន្តិសុខ ដែលយាមនៅក្នុងបុរីខាងលើ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យតូចធំទៅបាញ់ពន្លត់អស់ចំនួន១៥ បំពង់ តែមិនរលត់ ក៏បង្កឲ្យឆេះរាលដាលដល់បន្ទប់ផ្ទះបាយខាងក្រោយបន្តថែមទៀត។

ភ្លាមៗនេះក៏មានអ្នកឃើញហេតុការណ៍បានទាក់ទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកធ្វើការអន្តរាគមន៍។ បន្ទាប់មកក៏ឃើញមានសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកចំនួន៦គ្រឿង ហើយបានធ្វើការបាញ់ពន្លត់អស់ចំនួន៣គ្រឿង ក៏រលត់ទៅវិញជាស្ថាពរ។

បើតាមសម្តីពីសមត្ថកិច្ចបានរៀបរាប់ប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យខាងលើមិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនេះទេ គឺគ្រាន់តែខូចខាតឆេះបន្ទប់ទទួលភ្ញៀវនិងបន្ទប់ផ្ទះបាយរួមទាំងសម្ភារ:មួយចំនួននៅជាន់ផ្ទាល់ដីឆេះអស់ទាំងស្រុង ហើយករណីខាងលើនោះជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី ៕

មតិយោបល់