ភ្នំពេញ ៖ រថយន្តកូរ៉េធុនធំមួយគ្រឿងបានក្រឡាប់ក្បែរគល់ស្ពានព្រះមុនីវង្សថ្មីខាងលិច ព្រោះតែតៃកុងររថយន្តបើកលឿនហើយបួងចង្កូតឆ្ពោះឡើងស្ពានព្រះមុនីវង្សថ្មីបណ្ដាលអោយក្រឡាប់តែម្ដង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ខែមេសាឆ្នាំ២០១៤ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សថ្មីខាងលិច ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ មានរថយន្តកូរ៉េធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-3822 បានធ្វើដំណើរតាមបណ្ដាយផ្លូវជាតិលេខ២ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុផ្លូវកោងឡើងទៅស្ពានព្រះមុនីវង្សថ្មី រថយន្តបង្កមិនបានបន្ថយល្បឿនឡើយក៏បួងចង្កូតឆ្ពោះឡើងស្ពានព្រះមុនីវង្សថ្មី បណ្ដាលអោយក្រឡាប់ក្បែរគល់ស្ពានតែម្ដង សំណាងដែលពុំមានមនុស្សរងរបួសដោយអាយុជីវិតគ្រាន់តែរងរបួសបន្តិចបន្តួច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចប្រចាំការក្បែរគល់ស្ពានបានចុះមកអន្តរាគមន៍ និងទំនាក់ទំនងហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយនិងផាកពិន័យ៕
មតិយោបល់