ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដាក់ព្រៃឡង់ទៅជាតបន់ព្រៃការពារ

(ភ្នំពេញ)៖ ក្រោយពីដំណើរទស្សនកិច្ច របស់លោក William A. Heidt ឯកអគ្គរាជទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ឯសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដោយលោក សាយ សំអាល់ បានថ្លែងថា ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ បច្ចុប្បន្ន មានប្រមាណជា៣០ម៉ឺនហិកតា នឹងត្រូវដាក់ទៅជាតបន់ព្រៃការពារ ដោយប្រើ GPS ធ្វើការកំណត់ឲ្យច្បាស់។

លោករដ្ឋមន្ត្រីបន្តថា អាណត្តិនេះរដ្ឋាភិបាលនឹងមិនមានការផ្តល់ដីសម្បទានទៀតទេហើយការផ្តល់សម្បាទាន ផ្ទេរទៅក្រសួងកសិកម្ម គ្រប់គ្រង រីឯដីអភិរក្សទុកឲ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងវិញ។

លោក សាយ សំអាល់ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្នុងសន្និសីទកាសែតរួមគ្នា ក្រោយពិនិត្យតាមឧត្ថម្ភាគចក្រ នាសណ្ឋាគារសូហ្វីតែល ថា លោកមានជំនឿថា នឹងទទួលបានការគាំទ្រ ពីអង្គការសហប្រជាជាតិ លើគម្រោង REDD+ ដែលផ្តល់ការគាំទ្រខាងហិរញ្ញ ជាថ្នូរនិងការអភិរក្សព្រៃ។

លោកបន្តថា “ខ្ញុំសង្ឃឹមថា សង្គមស៊ីវិលនិងប្រទេសដៃគូអភិវឌ្ឍន៍ ត្រូវយកចំណុចនេះមកគិតគូរពិចារណាដែរ។ ឥឡូវនេះ យើងបានឈានដល់ការយកដាក់ព្រៃនេះ ជាតំបន់អភិរក្ស។ ហើយព្រៃនេះ មិនមែនជាព្រៃតែ១ទេ យើងប្រុងដាក់៥ឯណោះ”។

បើតាមលោករដ្ឋមន្ត្រី លោកនឹងធ្វើការងារនេះ ក្នុងទ្រង់ទ្រាយមួយធំ “ប្រាកដប្រជា”។ “វាជាក្តីសង្ឃឹមផ្ទាល់ខ្លួនរបស់ខ្ញុំទេថា សហគមន៍អន្តរជាតិ អាចនឹងជួយកម្ពុជាផ្នែកខាងហិរញ្ញវត្ថុ ដែលជាទស្សនទាន ថា ថែរក្សាព្រៃឈើដើម្បីបានថវិកា យកមកបណ្តុះបណ្តាលធនធាន សង្គមកិច្ច រឺវិស័យសុខាភិបាល”។

លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក៏បានថ្លែងដែរថា ស្ថានទូតអាមេរិក បានធ្វើកិច្ចការនេះ ទាក់ទងនឹងព្រៃឡង់ អស់រយៈកាលយូរគ្រាន់បើហើយដែរ។ “យើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិល ប្រជាជនក្នុងសហគមន៍ ហើយនៅពេលនេះ យើងនឹងបន្តធ្វើកិច្ចការដែលយើងបានធ្វើស្រាប់នេះ បន្តទៅទៀត”៕

photo_2016-04-18_15-05-49 photo_2016-04-18_15-05-50

មតិយោបល់