(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿនបានមានប្រសាសន៍លើកឡើងថាសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះអាជ្ញាធរខណ្ឌទួលគោកបានត្រៀមកម្លាំងជាស្រេចរួចហើយ ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់និងកន្លែងសប្បាយភាពនានានៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានមានប្រាសន៍លើកឡើងខាងលើកាលពីព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០១៦ នៅសាលាខណ្ឌទួលគោក ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី២២របស់ក្រុមប្រឹក្សាខណ្ឌទួលគោក ដោយមានការចូលរួមជាអធិបតីភាពលោកម៉ែន សេរីប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ លោកចៅ សង្កាត់ទាំង១០រួមនិងមន្ត្រីមួយចំនួនទៀតផងដែរ។
លោក ឯក ឃុនដឿនបានមានប្រសាសន៍ថា ជាផែនការសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ អាជ្ញាធរខណ្ឌទួលគោកបានត្រៀមកម្លាំងដោយចែកចេញជាវេនប្រចាំការ ក្នុងការរំដោះចរាចរណ៍ ចេញនិងចូលរាជធានីភ្នំពេញ ដោយមិនឲ្យមានការកកស្ទះចរាចរណ៍ដោយយើងមិនបានធ្វើនោះទេ ។ ចំណែកកិច្ចការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក៏យើងបានត្រៀមកម្លាំងរួចហើយដែរ ក្នុងនោះបញ្ហាការបង្ការ ការទប់ស្កាត់និងការអន្តរាមគមន៍គ្រោះអគ្គីភ័យក៏ជាបញ្ហាចំបងដែលយើងយកចិត្តទុកដាក់ផងដែរ។ ក្រៅពីបញ្ហាទាំងនេះសម្រាប់ការបង្កើតកន្លែងសប្បាយភាពវិញ សាលាខណ្ឌទួលគោកបានយកវត្តនាគវ័នជាកន្លែងលេ ងល្បែងប្រជាប្រិយ៍ ដូចជាបោះឈូង បោះអង្គុញ បោះអង្គុញ និងវាយក្អមជាដើម។
សូមបញជាក់ផងដែរ ក្នុងក្រុមប្រឹក្សាខណ្ឌទួលគោកនោះដែរ ក្រៅពីការលើកឡើងពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់និងកន្លែងសប្បាយភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខហើយនោះ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកក៏បានលើកឡើងពីសេវាកម្មបំរើប្រជាពលរដ្ឋនៅជ្រកចេញចូលតែមួយផងដែរថា ដោយលោកបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ខែ មករាដល់ថ្ងៃទី១៧ ខែកុម្ភះឆ្នាំ២០១៦នេះ ការិយាល័យច្រកចេញ ចូលតែមួយរបស់ខណ្ឌបានអនុវត្តការងារបំរើជូនប្រជាពលរដ្ឋបានចំនួន២១៥៤សេវា ក្នុងនោះសេវានិត្យានុកូលកម្មបានចំនួន១៥៩៣សេវា អត្រានុកូលកម្មបានចំនួន១៧៣៤សេវា វប្បធម៏ ១សេវា សំណង់២០សេវា ផ្ទេរកម្មសិទ្ធីដីធ្លី៤១សេវា សុខាភិបាល៧សេវា និងការធ្វើស្លាកលេខបានចំនួន៧២សេវា។
ក្នុងកិច្ចប្រជុំនោះដែរ លោក ម៉ែន សិរី ក៏បានមានប្រសាសន៍លើកឡើងដែរថា ពាក់ព័ន្ធនឹងតំបន់សំណង់១២ ក្នុងភូមិ១៣ សង្កាត់ទឹកល្អក់ ទី៣ ចំនួនជាង១០០០ក្បាលដីនៅមិនទាន់បានចុះបញ្ជីក្បាលដីជាប្រព័ន្ធនៅឡើយទេ ក្រោយពីក្រសួងការពារជាតិកាត់មកឲ្យអាជ្ញាធររាជធានីជាអ្នកគ្រប់គ្រងវិញនោះ ។លើកបញ្ហានេះលោកបានជម្រុញឲ្យខាងស្ថាប័នពាក់ព័ន្ធ ជាពិសេសនគរូបនីយកម្ម និងសំណង់ខណ្ឌទួលគោក ធ្វើការវិច្ឆ័យសម្រេចអនុវត្តន៍ ដែលប្រជាពលរដ្ឋរស់នៅកន្លែងខាងលើ ចងបានប័ណ្ណកម្មសិទ្ធដីធ្លីយកទៅប្រើប្រាស់ ក្នុងគោលបំណងចាំបាច់ និងការបំពេញភារៈកិច្ចសាវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ៕
មតិយោបល់