ព័ត៌មានជាតិ

រថយន្ត​សណ្ដោង​កុងតឺន័រ​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​បណ្ដាលអោយ​ក្រឡាប់​ផ្ងារ​ជើង​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្ដោង​កុងតឺន័រ​មួយ​គ្រឿង​បាន​ធ្វើដំណើរ​យ៉ាង​លឿន ខណៈ​មក​ដល់​ផ្លូវ​កោង​ក៏​បួង​ចង្កូត​ជ្រុល​បណ្ដាលអោយ​ក្រឡាប់ បោក​ប៉ះ​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ និង​បង្គោល​ស្លាក​យីហោ​មួយចំនួន​បាក់​រង​ការខូចខាត សំណាង​ល្អ​គ្មាន​មនុស្ស​គ្រោះថ្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​១៥​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ២១​ខែ​មេសា​ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​ផ្លូវ​២៧១​កែង​ផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​សណ្ដោង​កុងតឺន័រ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2606 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២៧១ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង​កែង​ផ្លូវ​១៨២ រថយន្ត​សណ្ដោង​កុងតឺន័រ​ក៏​បួង​ចង្កូត​ជ្រុល​បណ្ដាលអោយ​ក្រឡាប់​បះជើង​ទៅ​ចំហៀង បោក​ប៉ះចំ​គូថ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2A-7554 បណ្តាលឱ្យ​រថយន្ត​ហ៊ីយ៉ាន់ដាយ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​និង​បាក់​បង្គោល​ស្លាក​យីហោ​មួយចំនួន សំណាង​ល្អ​គ្មាន​មនុស្ស​រងគ្រោះថ្នាក់​។​
​ក្រោយពេល​កើតហេតុ តៃកុង​រថយន្ត​កុងតឺន័រ​រត់គេចខ្លួន​បាត់ ហើយ​ប៉ូលិស​ចរាចរណ៍​បាន ចុះ​មក​ពិនិត្យ​និង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​នេះ​ចេញពី​ផ្លូវ​ឱ្យបាន មុន​មេឃ​ភ្លឺ​ដើម្បី​កុំឱ្យ​មាន​ការកកស្ទះ​ចរាចរ​៕
2014-04-21_085627

មតិយោបល់