ព័ត៌មានជាតិ

យុវជន​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រោម​ខ្លួន​បន្ទាប់ពី​ប៉ុនប៉ង​ចាប់​រំលោភ​នារី​ម្នាក់​តែ​មិនបាន​សម្រេច​

​ភ្នំពេញ ៖​យុវជន​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រោម​ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​នារី​ម្នាក់​តែ​មិនបាន​សំរេច​នៅ​ចំណុច​ផ្លូវ​រទេះភ្លើង កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃទី​២០​ខែ​មេសា​ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ជនសង្ស័យ​មាន​ឈ្មោះ នាង រ​ទ្ធី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​នារី​រងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ដើរ​យក​សំរាម​ទៅ​ចោល នៅ​ផ្លូវ​រថភ្លើង ដែល​មាន​ស្ថានភាព​ស្ងាត់ ខណៈនោះ​ក៏​មាន​យុវជន​ម្នាក់​បាន​ពួន​រង់ចាំ​ធ្វើ​សកម្មភាព​ចាប់រំលោភ បន្ទាប់​ពី​នារី​រងគ្រោះ​បាន​បោះ​សំរាម​ចោល​ហើយ​នោះ​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ស្ទុះ​មក​ចាប់​អូស​នារី​រងគ្រោះ​ចូល​ក្នុង​គុម្ព​ពត​ព្រៃ​និង​បាន​ផ្តួល​នារី​រងគ្រោះ​ទៅលើ​ដី ប៉ុន្តែ​មិន​បាន​សម្រេច​ទេ ដោយ​នារី​រងគ្រោះ​ស្លៀកខោ​កា​ប៊ូ​យ​និង រើបំ​រ៉ាស់​ស្រែក​អោយ​គេ​ជួយ​រហូត​បងស្រី​នារី​រងគ្រោះ​មក​ទាន់​ស្រែក​ឱ្យ​អ្នក​នៅ​ក្បែរ​កន្លែងកើតហេតុ​ជួយ​ចាប់​ជនសង្ស័យ ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទ្រោម​ខ្លួន​។​
​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើ​ការសាកសួរ​និង​កសាង​សំណុំ​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕

2014-04-21_094442

មតិយោបល់