ព័ត៌មានជាតិ

កម្មករបូមលូពីរក្រុមជិះម៉ូតូដើរបិទលេខទូរស័ព្ទ តាមបង្គោលភ្លើងសាធារណដូចគ្នា បានទាស់ពាក្យសម្តី បង្កជាហិង្សាវាយតប់គ្នាទៅវិញទៅមករបួសរៀងខ្លួន

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃច័ន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាទៅវិញទៅមក ចំណុចក្រោយវត្តតាខ្មៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន២ក្រុម៖ ក្រុមទី១ចំនួន២នាក់៖ ១-ឈ្មោះ ហៃ វង្សសុវត្តិឌី ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករបូមលូ (ឃាត់ខ្លួន) ។
២-ឈ្មោះ ម៉ិច ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សីក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករបូមលូ ។(ឃាត់ខ្លួន) ។

ជនសង្ស័យក្រុមទី២ចំនួន២នាក់៖ ១-ឈ្មោះ ជា ភារី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរអ្នកបើកបររថយន្តបូមលូ (ឃាត់ខ្លួន) ។
២-ឈ្មោះ សុខ គ្រុយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរអ្នកបើកបររថយន្តបូមលូ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ១-ដែកទីបជ្រុងពណ៌លឿងទំហំ២ស.ម×២ស.មប្រវែង៥៥ស.ម (របស់ឈ្មោះជា ភារី) ។
២-ម៉ូតូចំនួន២គ្រឿង (1-ម៉ាកZOOMER.Xពណ៌ក្រហមលាយស ផ្លាកលេខតាកែវ 1O.3356 ។
៣-ម៉ាក HONDA DREAM ពណ៌សេរីឆ្នាំ២០១៥ ខ្មៅផ្លាកលេខភ្នំពេញ 1BH.3617) ។

នៅវេលាកើតហេតុខាងលើ ជនសង្ស័យទាំងពីរក្រុម បានជិះម៉ូតូដើរបិទលេខទូរស័ព្ទ ទទួលសេវ៉ាបូមលូ នៅតាមបង្គោលភ្លើងសាធារណដូចគ្នា ដោយឃើញភាគីម្ខាង ហែកលេខរបស់ខ្លួនចោល ដាក់បិទលេខរបស់ខ្លួនវិញ ធ្វើឲ្យភាគីម្ខាងខឹង ក៏បានទាក់ពាក្យសំដីគ្នា រហូតដល់មានការប្រើហិង្សា វាយតប់គ្នាទៅវិញទៅមក រងរបួសស្រាលរៀងៗខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់