កោះកុង ៖ ជនសង្ស័យចំនួន២នាក់ ត្រូវសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្ដបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្ដកោះកុង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ដោយចោទប្រកាន់ពីបទចែកចាយថ្នាំញៀននៅតាមក្លឹប និងតាមផ្ទះសំណាក់។
ការចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមេសា ស្ថិតនៅចំណុចខាងជើងផ្សារដងទង សង្កាត់ដងទង ក្រុងខេរភូម្ទិ ខេត្ដកោះកុង ដោយរឹបអូសបាន ម៉ាទឹកកកចំនួន ២កញ្ចប់តូចទៀតផង ។
ជនសង្ស័យទាំង២នាក់ មានឈ្មោះ ទី១- អ៊ុំ ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ មានមុខរបរ រត់ម៉ូតូឌុប ទី២- ឈ្មោះ កែវ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង មានមុខរបររត់ម៉ូតូឌុប ដូចគ្នា។
ប្រតិបត្ដិការណ៍នេះ ដឹកនាំដោយលោក វរសេនីយ៍ទោ យឹម ផេង ស្នងការរង និងប្រធានការិយាល័យកណ្ដាល ប្រឆាំងបទល្មើសខេត្ដ លោកស្រី ម៉ាក់ នី ព្រះរាជអាជ្ញារង សាលាដំបូងខេត្ដកោះកុង រួមទាំងមន្ដ្រីនៅក្រោមឱវាទជាច្រើននាក់ទៀត ។
លោក វរសេនីយ៍ទោ យឹម ផេង បានប្រាប់អ្នកយកព័ត៌មានយើង ឱ្យដឹងថា ជនសង្ស័យទាំង២នាក់ គឺកម្លាំងរបស់លោក តាមស៊ើបសង្កេតជាយូរណាស់មកហើយ ទើបនៅយប់ម៉ោង១ ថ្ងៃទី១៩ ខែមេសា កម្លាំងលោកធ្វើការឃាត់ខ្លួននៅចំណុចខាងលើ ហើយឆែកឆេរបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច និងសម្ភារៈជក់ថ្នាំមួយចំនួនទៀត ។
ជនសង្ស័យទាំង២នាក់នេះ បានដើរធ្វើសកម្មភាពលក់យ៉ាងសកម្ម នៅតាមផ្ទះសំណាក់ និងក្លឹបកំសាន្ដ តែពេលនេះ ត្រូវសមត្ថកិច្ចក្របួចជាប់ និងធ្វើស៊ើបសង្កេតរកទីតាំងលក់បន្ដទៀត។
លោក វរសេនីយ៍ទោ យឹម ផេង បានបន្ដថា ដោយមានការចង្អុលបង្ហាញ ពីអគ្គនាយកដ្ឋាននគរបាលជាតិ និងដោយមានការដឹកនាំ របស់លោកស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីការ ការពារភូមិឃុំមានសុវត្ដិភាព ជូនប្រជាពលរដ្ឋ នៅគ្រប់បណា្ដមូលដ្ឋានទាំងអស់ ឱ្យមានសុវត្ដិភាព លោកមិនខ្លាចពីការនឿយហត់ឡើយ ហើយមិនថានៅកន្លែងជិត ឬកន្លែងឆ្ងាយឡើយ ឱ្យតែលោកទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ នៅគ្រប់មូលដ្ឋានលោក នឹងទៅដល់ទីនោះភ្លាម ដោយមិននៅអែរអង់ឡើយ ៕
មតិយោបល់