ខេត្តរតនគិរី៖ រថយន្តចំនួន២គ្រឿងម៉ាធុនត្រារបស់ឈ្មួញដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតបំរុងនាំចេញទៅប្រទេសវៀតណាមតាមផ្លូវជាតិលេខ៧៨ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ទូច សុធា ប្រធានការិយាល័យ
ស្ទាក់ចាប់បានរថយន្តចំនួន២គ្រឿងភ្លាមៗនៅត្រង់ចំណុចទូលបឹងកំសាន្ត ស្ថិតក្នុងភូមិសាស្ត្រ ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
តាមការអោយដឹងពីលោកប្រធានការិយាល័យ ទូច សុធា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៨យប់ បានអោយដឹងថា កម្លាំងរបស់លោកបានដើរល្បាតតាមដងផ្លូវជាតិលេខ៧៨A ត្រង់ចំណុចខាងលើ ក៏ប្រទះឃើញរថយន្តដឹកបទល្មើសចំនួនជាង១០គ្រឿង កំពុងធ្វើចរាចរណ៍ដឹកបទល្មើសឈើប្រណិតដូចហែរអង្គកឋិនទាន ប៉ុន្តែកម្លាំងរបស់លោកនាំគ្នាស្ទាក់ចាប់បានតែរថយន្តចំនួន០២គ្រឿងប៉ុណ្ណោះ រីឯចំនួន៨-៩គ្រឿងទៀតបានបើរត់គេចខ្លួនបានដោយសុវត្តិភាព។ រថយន្តដែលស្ទាក់ចាប់បានទាំង២គ្រឿងនោះ រួមមានទី១រថយន្តម៉ាកធុនត្រា ពណ៌ស្ករ ដែលមានស្លាកលេខភ្នំពេញ 2X1087 បានដឹកឈើប្រណិតប្រភេទធ្នុងចំនួន៣៤ដុំ មុខកាត់(១០×៤០) ទី២រថយន្តម៉ាកធុនត្រាពណ៌ក្រហមបិទស្គុតសរអត់ស្លាកលេខដឹកឈើប្រភេទធ្នុងចំនួន៦០ដុំ មុខកាត់(១០×៤០)។
ក្រោយពេលស្ទាក់ចាប់បានរថយន្តទាំង២គ្រឿងខាងលើទាំងម្ចាស់រថយន្តចំនួន០៤នាក់ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចាប់បញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តទាំងយប់ លុះដល់ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានធ្វើសំណុំបែបបទធ្វើការផាក់ពិន័យក្នុងម្នាក់ៗចំនួនបីលានរៀល៕
មតិយោបល់