រតនគិរី៖ សំរាមគំនរធំៗតាំង៤ទិសជុំវិញផ្សារក្រុងបានលុង ប្រឈមមុខ និងការរិៈគន់ពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលចូលមកទស្សនាកំសាន្តនាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
គំនរសំរាមពពាក់ពពូនជុំវិញផ្សារបានលុង ដែលគ្មានអ្នកណាទទួលខុសត្រូវទទួលស្គាល់ ធ្វើអោយមានការរិៈគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រជាពលរដ្ឋទាំងភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិចាប់តាំងពីថ្ងៃទី១១ ខែមេសា រហូតមកទល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤នេះ នៅពុំទាន់រកឃើញអ្នកទទួលខុសត្រូវ ប្រមូលដឹកជញ្ជូនយកទៅចោល បណ្តាលអោយសំរាមទាំងអស់នោះរលួយ ដង្កូវដុះស្លាប ហើយជះក្លិនស្អុយជុំវិញខេត្តរតនគិរី។
តាមប្រភពព័ត៌មានពីក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារបានលុង បានអោយដឹងថា ជារៀងរាល់ឆ្នាំ ក្នុងរដូវបុណ្យចូលឆ្នាំ ពួកគាត់លក់ដូរតែងកាក់កប(លក់ដាច់)ប៉ុន្តែក្នុងឆ្នាំ២០១៤នេះ លក់ពុំដាច់ដោយសារមានមូលហេតុ(លើសំរាម) ជះក្លិនស្អុយឆ្អេះឆ្អាបធ្វើឲ្យភ្ញៀវទ្រាំលែងបាន មិនអាចមានទឹកចិត្តចង់ទិញឥវ៉ាន់នៅក្នុងផ្សារបានលុងទេ។
ទាក់ទងលើបញ្ហាខាងលើលោកអភិបាលក្រុង បាន លី វិន បានបកស្រាយតាមទូរស័ព្ទកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ក្នុងរដូវចូលឆ្នាំចំនួន៣ថ្ងៃ ត្រូវតែអនុញ្ញាតិអោយសម្រាកចំពោះបុគ្គលិកផ្នែកអនាម័យ ប៉ុន្តែពួកគេនិងរៀបចំចូលខ្លួនមកបំពេញកាតព្វកិច្ចតាមមុខព្រួញដដែល ប៉ុន្តែការរង់ចាំហាក់បីដូចជាយូរអង្វែងពេក លោកមិនអាចអោយក្លិនពីសំរាមបំផ្លាញសុខភាពប្រជាពលរដ្ឋនោះបានទេ។
លោក ជា គង់ អ្នកម៉ៅការផ្នែកអនាម័យជុំវិញក្រុងបានលុងពុំអាចសុំការបំភ្លឺបានទេ ដោយសារមិនមានលេខទូរស័ព្ទ។ សូមអោយលោកអភិបាលគណៈអភិបាលខេត្តមេត្តចុះជួយចាត់វិធានការទៅលើអ្នកម៉ៅការអនាម័យផង ព្រោះតំបន់នេះជាតំបន់ទេសចរណ៍គ្រប់ជាតិសាសន៍ ធ្វើយ៉ាងណាមេត្តាកុំអោយតំបន់នេះក្លាយទៅជាគំនរសំរាម បាត់បង់ចំណូលវិស័យទេសចរណ៍ និងអាប់អោនដល់ថ្នាក់ដឹកនាំ៕
មតិយោបល់