ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបង្កឡើងរវាងប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់មួយរូប បាញ់តទល់គ្នាជាមួយចោរប្រដាប់អាវុធ ម្នាក់អស់ចំនួន៧គ្រាប់ នៅចំណុចផ្លូវ៣១៥ កែងផ្លូវលេខ៥១៦ ទល់មុខផ្សាររាត្រីភូមិយើង ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នៅវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃទី ២៨ មេសា ឆ្នាំ២០១៤។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញសមត្ថកិច្ចដែលយាមល្បាត ក្នុងមូលដ្ឋានម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះដេញចោរប្រដាប់អាវុធខាងលើជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស មិនចាំស្លាកលេខ ដេញតាមពីចំណុចផ្សារសូរិយាក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដេញរហូតមកដល់ចំណុចផ្លូវ ៣១៥ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវកែងខាងលើ ជនសង្ស័យបានជិះម៉ូតូដួល ខណៈដួលនោះជនសង្ស័យបាន ដកកាំភ្លើងចេញពីចង្កេះហើយបាញ់ចំនួន១គ្រាប់បាញ់ទៅលើប៉ូលិសព្រហ្មទណ្ឌ បណ្តាលឲ្យប៉ូលិសខាងលើដកកាំភ្លើងបាញ់តទល់គ្នាអស់ប្រមាណជា៦គ្រាប់ថែមទៀត ហើយជនសង្ស័យបានព្យាយាមលើកម៉ូតូបើករត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង៌ ហើយសមត្ថកិច្ចព្រហ្មទណ្ឌរូបនោះមិនបាននូវបំភ្លឺអ្វីនោះទេគឺក្រោយកើតហេតុភ្លាមៗបានជិះម៉ូតូចេញទៅបាត់ដូចគ្នា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសួរនាំព័ត៌មានបន្ថែមអំពីការផ្ទុះអាវុធនេះ ហើយសមត្ថកិច្ចប្រមូលបានគ្រាប់កន្ទុះចំនួន៧គ្រាប់ពីកន្លែងកើតហេតុផងដែរ។
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានសំណូមពរដល់សមត្ថកិច្ចមូលដ្ឋានដែលមានភារកិច្ចឈាមកាមល្បាតក្នុងមូលដ្ឋាន សូមមេត្តាពង្រឹង និងដាក់កម្លាំងល្បាតបន្ថែមឲ្យបានច្រើនដើម្បីការពារសុវត្ថភាពដល់ប្រជាពលរដ្ឋ ព្រោះថា ករណីបាញ់បែបនេះពុំសូវកើតមានច្រើននោះទេនៅក្នុងរាជធានីភ្នំពេញ នេះសំណាងហើយដែលការបាញ់តគ្នារហូតទៅដល់៦ ៧គ្រាប់ខាងលើនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ដូច្នេះសូមសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធមេត្តាគិតឲ្យបានខ្ពស់ដល់សុវត្ថភាពប្រជាជនមុននឹងឈានទៅដល់ការផ្ទុះអាវុធអស់ជាច្រើនគ្រាប់ដូចនេះ៕
មតិយោបល់