ផ្ទះវីឡារបស់ឧត្តមសេនីយ៍ឯកយោធាម្នាក់នៅក្រសួងការពារជាតិ ត្រូវក្រុមចោរថ្លើមពាសមេឃមានគ្នាចំនួន ៣នាក់ ចូលគាស់ និងលួចយកទ្រព្យសម្បត្ដិសរុបជាង ៣ម៉ឺនដុល្លារអាមេរិក ខណៈពេលដែលម្ចាស់ផ្ទះចាក់សោចេញទៅធ្វើការបាត់ពេញ ១ថ្ងៃ។ នេះបើយោងតាម មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ភ្នំពេញថ្មី បានឲ្យដឹង។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតមានឡើងកាលពីយប់ថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០១៤ នៅផ្ទះមានទីតាំងក្នុង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ស្ថិតក្នុង ខណ្ឌសែនសុខ គឺបន្ទាប់ពីម្ចាស់ផ្ទះវិលត្រឡប់មកពីធ្វើការងារវិញ ហើយឃើញទ្វារផ្ទះចំហ និងបាត់របស់ទ្រព្យអស់។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលម្នាក់ បានលួចបង្ហើបថា ផ្ទះនោះជាផ្ទះលោកឧត្តមសេនីយ៍ ព្រុំ សនទុំ នៅក្រសួងការពារជាតិ។ ចំណែកទ្រព្យសម្បត្តិដែលត្រូវក្រុមចោរលួចយកអស់នោះរួមមាន លុយខ្មែរចំនួន ២០ ម៉ឺនរៀល លុយដុល្លារចំនួន ២.៦០០ដុល្លារ ចិញ្ចៀនដាំត្បូងពេជ្រ ៤វង់ ខ្សែកមាសចំនួន ៣ខ្សែ ខ្សែដៃចំនួន ៤ខ្សែ (មាស ២ខ្សែ បា្លទីន ២ខ្សែ) ក្រវិលចំនួន ៣គូ (ពេជ្រ ២គូ) កាំភ្លើងខ្លីមួយដើមម៉ាក CF លេខ ០៩១៤ បង់គ្រាប់ ១៥ គ្រាប់ លេបថបម៉ាក Dell ១គ្រឿង និងទូរស័ព្ទដៃ ១ គ្រឿង គិតជាប្រាក់សរុបប្រមាណ ៣ម៉ឺនដុល្លារអាមេរិក។
អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា រហូតមកដល់ពេលនេះសមត្ថកិច្ចលោកនៅពុំកំណត់មុខសញ្ញា និងអត្តសញ្ញាណរបស់ក្រុមជនល្មើសបាននៅឡើយ។ ឥឡូវនេះសមត្ថកិច្ចនគរបាលជំនាញកំពុងតែដុតដៃដុតជើងចាត់វិធានការ ស្រាវជ្រាវដើម្បីចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
មតិយោបល់