ព័ត៌មានជាតិ

ផ្ទះ​ឈើ ២០​ខ្នង និង​សិប្បកម្ម កែច្នៃ​ឈើ​១​ខ្នង ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង​

​កាលពី​វេលា​ម៉ោង ១​និង​៥០​នាទី រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៤ មាន​អគ្គីភ័យ​បាន​ឆាបឆេះ​ឡើយ នៅ​ក្រុម​ទី​៥ ភូមិ​ដើម​ចាន់ទី​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌមានជ័យ ដែល​បណ្ដាល​ឲ្យ ផ្ទះ​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ចំនួន ២០​ខ្នង ទំហំ ៤​ម៉ែត្រ គុណ​៤​ម៉ែត្រ និង​សិប្បកម្ម​កែឆ្នៃ​ឈើ​ទំហំ ៨​ម៉ែត្រ​គុណ​៣០​ម៉ែត្រ​មួយ​ខ្នង ឆេះ​ទាំង​ស្រុង ធ្វើឲ្យ​ប្រជាពលរដ្ឋ អាជ្ញាធរ​ភ័យ និង​សមត្ថកិច្ច រត់​ចែក​ជើង​គ្នា ទាំង​កណ្តាល​អាធ្រា​ត្រ ក្នុង​ការជួយ អន្តរាគមន៍​ពន្លត់ភ្លើង ។​

​យោងតាម​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដ​ពន្លត់​អគ្គិភ័យ ត្រូវបាន​បញ្ជូន​ភ្លាមៗ ទៅ​កន្លែងកើតហេតុ រួម​ទាំង​ការ ជួយ​អន្ដរាគមន៍​ពី​សំណាក់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ១២​គ្រឿង ស្មើ ៤៤​ជើង​។ ក្រោយពី​មាន​ការអន្តរាគមន៍រ​បស់​សមត្ថកិច្ច ពន្លត់​អគ្គិភ័យ និង​អាជ្ញាធរ​ខណ្ឌ​មានជ័យ ដឹកនាំ​ដោយ លោក​អភិបាលខណ្ឌ គួច ចំរើន មេ​បញ្ជា​បញ្ជាការ​អាវុធហត្ថ​ខណ្ឌ លោក គិត សុផល និង​លោក​នេត វត្ថា នាយការិយាល័យ​ពន្លត់​អគ្គិភ័យ ភ្លើង​បាន​រលត់ទៅវិញ នៅវេលា​ម៉ោង ៣ និង​១៥​នាទី​ទាបភ្លឺ ។ លោក ទេព បូរ៉ា នាយ​នគរបាល ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ បានឲ្យ​ដឹង​ជា​ជំហាន​ដំបូង​ថា អគ្គិភ័យ​នេះ កើតឡើង​មក​ពី ឆ្លង​ចរន្តអគ្គិសនី ។ លោក នេ​ត វត្ថា បានបញ្ជាក់​ថា ម្ចាស់ផ្ទះ​មានឈ្មោះ សំ សារ៉ន ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ មានមុខ​របរ​លក់​ព​ង​គ្រូច និង​សណ្តែកដី​ស្ងោ​៕​
2014-04-30_115804

មតិយោបល់