ខេត្តប៉ៃលិន ៖ ហេតុការណ៍គ្រោះធម្មជាតិមួយ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។ ករណីរន្ទះបាញ់នេះបានកើតឡើង ខណៈពេលជនរងគ្រោះកំពុងដាំដំឡូងមីក្នុងចម្ការស្របពេលផ្ទៃមេឃស្រអាប់ ពពកពណ៌ខ្មៅកលធ្លាក់ភ្លៀង កាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ចំណុចបឹងអូរជាង ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បុរសដែលជាជនរងគ្រោះត្រូវរន្ទះបាញ់នោះមានឈ្មោះ អ៊ុក សទ្ធា អាយុ៣២ឆ្នាំ ជានាយប៉ុស្តិ៍សង្កាត់ទួលល្វា មានស្រុកកំណើតភូមិកសិករ ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត បច្ចុប្បន្នរស់នៅក្នុងភូមិទួលល្វា សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុបានឲ្យដឹងថា មុនពេលកើតហេតុផ្ទៃមេឃស្រអាប់ពពកពណ៌ខ្មៅ រលឹមតិចៗផងនោះ ជនរងគ្រោះ និងបងប្អូនផ្សេងទៀតកំពុងដាំដំឡូងមីក្នុង ចម្ការរបស់ខ្លួនក៏ស្រាប់តែមានផ្លេកបន្ទោរចាំងមកចំជនរងគ្រោះ រួចក៏បាញ់បណ្ដាលឲ្យ ខ្លួនប្រាណជនរងគ្រោះ ពោរពេញដោយស្នាមជាំខ្មៅពេញខ្លួនប្រាណ ពិសេសត្រង់ក្រោមក្រលៀនខាងស្តាំ និងសន្លប់នៅនឹងកន្លែង។ ឃើញដូច្នេះបងប្អូនក៏ដឹកតាមរថយន្ត មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ៕
មតិយោបល់