អង់គ្លេស៖អ្នកចាត់ការទូទៅ របស់ក្លិបហង្សក្រហម Liverpool លោក Brendan Rodgers មិនច្បាស់ ថាតើ ខ្សែប្រយុទ្ធ Daniel Sturridge នឹងបង្ហាញខ្លួនលេង នៅរាត្រីយប់ថ្ងៃចន្ទ ក្នុងក្របខណ្ឌ Premier League ដោយប៉ះជាមួយនឹង Crystal Palace ។
កីឡាករវ័យ ២៤ ឆ្នាំ រូបនេះ រកគ្រាប់បាល់បាន ២០ គ្រាប់ នៅក្នុងចំណោម ២៧ ប្រកួត ក្នុងរដូវកាលនេះ ។ ក៏ប៉ុន្តែ ខណៈដែល កីឡាករ Daniel Sturridge ជួយឲ្យហង្សក្រហមយកឈ្នះ Manchester City ដោយលទ្ធផល ៣ – ២ កាលពីថ្ងៃទី ១៣ ខែ មេសា ក៏ជាពេលដែលរងរបួសសរសៃពួរផងដែរ។
ក្រោយមកទៀត Daniel Sturridge ក៏អវត្តមាន ដែលក្លិបខ្លួន បំបាក់ Norwich City ក្នុងលទ្ធផល ៣ – ២ ហើយ មិនអាចលេង ខណៈដែលក្លិបខ្លួនចាញ់ ក្លិបតោខៀវ ២ – ០ ផងដែរ កាលពីសប្តាហ៍កន្លងទៅ។
តែទោះជាយ៉ាងណា កីឡាកររូបនេះ សង្ឈឹមថាអាចនឹងលេង លើកទី ២៨ របស់ខ្លួន នៅ Selhurst Park ។
Brendan Rodgers បានប្រាប់ដល់ BBC ថា “ពេលនេះ គាត់ បានជាសះស្បើយជាច្រើន និងល្អប្រសើរ ក៏ប៉ុន្តែនៅមិនទាន់ច្បាស់ថា អាចដាក់គាត់លេងឬយ៉ាងណានៅថ្ងៃចន្ទ” ។
បច្ចុប្បន្នកាលនេះដែរ ហង្សក្រហមស្ថិតនៅលេខរៀងទី ១ ក្នុងក្របខណ្ឌ Premier League ជាមួយនឹងពិន្ទុ ៨០ ក្នុងចំណោម ៣៦ ប្រកួត ។ តែទោះជាយ៉ាងណា នៅយប់ថ្ងៃចន្ទ ហង្សក្រហម នឹងចាប់ផ្តើមក្នុងលេខរៀងទី ៣ ប្រសិន មេឃខៀវ ឈ្នះ Everton នៅយប់ថ្ងៃសៅរ៍ និង តោខៀវ បំបាក Norwic នៅរសៀលថ្ងៃអាទិត្យ ។
បើសិនជា ហង្សក្រហម ឈ្នះ Crystal Palace វិញ ហង្សក្រហមនឹងឡើង ទៅកាន់តារាងលេខ ១ វិញ តែបើសំណាងមិនល្អ ជាក់ណាស់ តារាងលេខ ៣ ជារបស់ខ្លួន ៕
មតិយោបល់