ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ បានបន្តនីតិវិធី សួរដេញដោល ទៅលើជនជាប់ចោទទាំង២៣នាក់ ដែលក្នុងនោះក៏មានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ម្នាក់ផងដែរ ។
ជនជាប់ចោទទាំង២៣នាក់នេះ ត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និង ឯកជន មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី០២ និង ទៅ០៣ ខែមករា ឆ្នាំ២០១៤ កន្លងទៅ នៅចំណុចមុខសួនឧស្សាហកម្ម កាណាឌីយ៉ា និង តាមផ្លូវវ៉េងស្រេង ។
សវនាការនៅព្រឹកថ្ងៃទី០៦ ខែឧសភា នេះ គឺធ្វើឡើង បន្តពីសវនាការលើកមុន ដែលក្រុមប្រឹក្សា ជំនុំជម្រះ ទើបតែសាកសួរជនជាប់ចោទ បាន៤នាក់ប៉ុណ្ណោះ ។ នៅចន្លោះពេលដែលតុលាការបាននិងកំពុងធ្វើនីតិវិធីសួរដេញដោល ទៅលើជនជាប់ចោទ នោះ សមត្ថកិច្ចបានដាក់របាំងបិទច្រកចេញចូល បរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោល បំណងតែមួយគត់ គឺរក្សាសណ្តាប់ធ្នាប់សាធារណៈ និង កុំឲ្យរំខាននីតិវិធីរបស់តុលាការ ។
ទោះបី យ៉ាងណា សមត្ថកិច្ចនិងក្រុមអ្នកគាំទ្រពុំមានការប៉ះទង្គិចគ្នាទេ ។ រហូតមកទល់ម៉ោងជាង១១ថ្ងៃត្រង់ សវនាការលើសំណុំរឿងនេះ មិនទាន់បញ្ចប់នៅឡើយទេ ពោលគឺនឹងបន្តនៅរសៀលនេះទៀត ។ គួររំលឹកថា កាលពីថ្ងៃទី២ ខែមករាឆ្នាំ២០១៤ ក្នុងពេលដែលលោក វន់ ពៅបានដឹកនាំមនុស្សប្រមាណជាង៤០នាក់ដើរញុះញង់ធ្វើសកម្មភាពតាមរោងចក្របង្ខំឱ្យកម្មករដែលបានចូលធ្វើការចេញមកធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដែលមានម៉ូតូប្រមាណ៥-១០គ្រឿង បានជិះមកស៊ីផ្លេខ្លាំងៗនិងបើកភ្លើងស្រែកឡូឡា ។
លុះពេលមកដល់រោងចក្រយ៉ាកជីងក្រុមញុះញង់ដែលដឹកនាំដោយលោក វន់ ពៅបានធ្វើសកម្មភាពគប់បំផ្លាញទ្រព្យសម្បត្ដិរោងចក្រហើយបង្កឱ្យមានការប៉ះទង្គិចជាមួយកម្លាំង យោធាឆ័ត្រយោងលេខ៩១១ដោយក្រុមកម្មករបានគប់ដំបងនិងដុំថ្មទៅលើសមត្ថកិច្ចទើបកម្លាំង យោធាធ្វើការបង្ក្រាបក្រុមកម្មករ និង ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
មតិយោបល់