(Reuter) ៖ អ្នកការទូតកំពូលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ធ្វើទស្សនកិច្ចទៅទីក្រុង Kyiv ដើម្បីបង្ហាញការគាំទ្របន្ទាប់ពីប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែនដោយប្រឈមមុខដាក់គ្នាអស់រយៈពេលមួយសប្តាហ៍ ដែលជាការប្រកាសសញ្ញាអាសន្ននៅក្នុងរដ្ឋធានីភាគខាងលិច ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken រំពឹងថានឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយនឹងការអំពាវនាវឲ្យអ៊ុយក្រែនប្រកាន់ខ្ជាប់នូវមាគ៌ានៃការកែទម្រង់ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីថាមពលកំណែទម្រង់មួយត្រូវបានបណ្តេញចេញពីតំណែង។
លោក Biden បានសន្យាផ្តល់ “ការគាំទ្រយ៉ាងម៉ឺងម៉ាត់” ដល់លោក Zelenskiy នៅក្នុងខែមេសាខណៈដែលទីក្រុង Kyiv និងទីក្រុងម៉ូស្គូបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការប៉ះទង្គិចគ្នានៅតំបន់ Donbass ភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ព និងអាវុធតាមតំបន់ព្រំដែន។
ទីក្រុងម៉ូស្គូបានប្រកាសដកទ័ពរបស់ខ្លួននៅថ្ងៃទី ២២ ខែមេសាដោយជួយរៀបចំជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden និងប្រធានាធិបតីប្រទេសរុស្ស៊ីលោក Vladimir Putin ដែលអាចនឹងកើតឡើងនៅដើមខែមិថុនា។
ការប្រឈមមុខដាក់គ្នាបានជំរុញឲ្យប្រទេសអ៊ុយក្រែនអំពាវនាវដល់សហរដ្ឋអាមេរិក និងអឺរ៉ុបជួយពន្លឿនដំណើរការបញ្ចូល ទីក្រុង Kyiv ទៅក្នុងសម្ព័ន្ធភាពយោធារបស់ណាតូ។ លោក Blinken ក៏បានពិភាក្សាអំពីការបង្កើនកងទ័ពរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តណាតូនៅទីក្រុងប្រ៊ុចសែលកាលពីខែមុនផងដែរ ៕
មតិយោបល់