ខេត្តកណ្តាល៖ ពុទ្ឋបរិស័ទចំណុះជើងវត្តប្រាសាទអណ្តែត ស្ថិតក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាតវ៉ាករណីលោកម៉េប៉ុស្ត៏ និងព្រះចៅអធិការវត្ត អនុញ្ញាត្តិឲ្យជនសង្ស័យជីកកាយរកព្រះពុទ្ឋបដិមាសម័យបុរាណ ដោយមិនបានជូនដំណឹងឲ្យពលរដ្ឋចំណុះជើងវត្ត បានដឹងជាមុន។ ការតវ៉ាធ្វើឡើងបន្ទាប់ពីជនសង្ស័យមានគ្នាពីរនាក់ កាលពីអាធ្រាតថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤នេះ បាននាំគ្នាជីកកកាយស្វែងរករូបសំណាក់ព្រះពុទ្ឋរូប ដែលបានកប់ទុកតាំងពីសម័យបុរាណ ប៉ុន្តែត្រូវបានមន្ត្រីកងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរឃុំ ចាប់បញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់។
ជនសង្ស័យទាំងពីរនាក់ម្នាក់ឈ្មោះ ទួន អ៊ាងថៃ ភេទប្រុសអាយុ៣៩ឆ្នាំ ទី២ឈ្មោះ ឆយ ហុក ភេទប្រុសអាយុ៥១ឆ្នាំ អ្នកទាំងពីរនាក់នេះរស់នៅភូមិលេខ២ឃុំប្រាសាទ ស្រុកស្អាងខេត្តកណ្តាល។ ក្រុមប្រជាពលរដ្ឋនាំគ្នាស្រែកថា ពិតជាមានការឃុបឃិតគ្នារវាងចៅអធិការវត្តព្រះនាម សុខហេង និងមេប៉ុស្ត៏ឈ្មោះ មិត្ត ពូន នោះមែន ហើយបំណងយកទៅលក់ធ្វើអាជីវកម្មទៀត ព្រោះការជីករកកំណប់ជាវត្ថុបុរាណ ធ្វើឡើងដោយមានការលាក់លៀមពីភ្នែកច្រមុះពួកគាត់ ហើយធ្វើឡើងនៅពេលយប់សា្ងត់ទៀតផល ចាប់តាំងពីម៉ោង៨យប់រហូតដល់ម៉ោង១រំលងអាធ្រាត ទើបកម្លាំងចម្រុះចាប់បាន។
លោក មិត្ត ពូន នាយប៉ុស្ត៏ឃុំប្រាសាទបានច្រានចោលករណីខាងលើនេះ ដោយមិនទទួលយកការចោទប្រកាន់របស់ពលរដ្ឋនោះទេ។ ចំណែកព្រះតេជគុណ សុខ ហេង ព្រះចៅអធិការវត្តប្រាសាទអណ្តែតបានមានសង្ឃដីការថា ព្រះតេជគុណពិតជាបានអនុញ្ញាត អោយជីករកព្រះពុទ្ឋរូបសម័យបុរាណនោះមែន ព្រោះការអនុញ្ញាត្តិឲ្យជីកនោះ គឺធ្វើតាមការស្នើសុំម្ចាស់ដើមរបស់គេដែលបានកប់ទុកតាំងពីគាត់អាយុ២១ឆ្នាំ ព្រោះសម័យនោះប្រទេសជាតិជូបសង្គ្រាមខ្លាចត្រូវបាត់បង់។
រីឯលោកតា ប៊ូ ជួប ដែលជាម្ចាស់កំណប់បាននិយាយថា ដោយសារបច្ចុប្បន្នលោកមាន អាយុ៨២ឆ្នាំទៅហើយខ្លាចស្លាប់ទៅក្មេងជំនាន់ក្រោយមិនដឹង ក៏បានសុំអនុញ្ញាតព្រះតេជគុណ ហើយបានជួលគេគាស់យកមកទុកគោរពបូជា តែមិនទាន់បានរកឃើញផង ក៏ត្រូវកងរាជអាវុធហត្ថស្រុកស្អាងចាប់ខ្លួនអ្នកជីកទាំងពីរបញ្ជូនទៅតុលាការ កាត់ទោសតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់