ព័ត៌មានជាតិ

ចុះពិនិត្យ និងដកហូតទំនិញក្នុងផ្សារបន្ទាយឆ្មារ ដែលខូចគុណភាព

បន្ទាយមានជ័យៈ នាថ្ងៃទី២៣ឧសភា២០១៦ សមត្ថកិច្ចចម្រុះ ដឹកនាំដោយមន្ត្រីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ គុណភាពម្ហូបអាហារ និងដកហូតទំនិញខូចគុណភាព ក្នុងផ្សារបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

អាជីវករឈ្មោះ ហុក យ៉ាដា ដែលបានដាក់តាំងលក់ត្រីខគ្មានស្លាកយីហោ និងត្រូវបានមន្ត្រីជំនាញដកហូត បានឲ្យដឹងថា មូលហេតុដែលខ្លួនយកត្រីខ ខាងលើ មកលក់គឺដោយសារ ពលរដ្ឋនៅទីនោះ និយមបរិភោគ និងត្រីខ ប្រភេទនេះ មានសាច់ច្រើន តែបន្ទាប់ពីទទួលបានការណែនាំ ខ្លួននឹងឈប់នាំទំនិញប្រភេទនេះ យកមកលក់ទៀតហើយ ។

លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹកថា តាមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ អនុញ្ញាតឲ្យចុះត្រួតពិនិត្យរាល់ទំនិញដែលធ្វើចរាចរនៅទីផ្សារ ត្រូវតែឃ្លាំមើល និងត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ជាក់ស្តែងថ្ងៃនេះ ក៏ដូចជារយៈកាលកន្លងមកមន្ត្រីរបស់លោក រួមជាមួយសមត្ថកិច្ច ចម្រុះ មាននគរបាលប្រឆាំងបទល្មើស បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់ក្រុមអាជីវករសាជាថ្មីនៅផ្សារបន្ទាយឆ្មារ ស្ថិតក្នុងស្រុកថ្មពួក ។

ជាលទ្ធផលតាមការណែនាំដល់ក្រុមអាជីវករ ជាច្រើនដងរួចមក ពួកគាត់បានយល់ដឹង ហើយភាគច្រើន បានបញ្ឈប់ការដាក់តាំងលក់នូវទំនិញខូចគុណភាព និងគ្មានស្លាកយីហោ ឬច្បាប់ហាមឃាត់ ជាដើម ។

ជាមួយការចុះត្រួតពិនិត្យ នេះមន្ត្រីជំនាញ របស់លោក បានធ្វើការដកហូតនូវត្រីខ គ្មានស្លាកយីហោដែលអាជីវករដាក់តាំង លក់បានចំនួន១៨១កំប៉ុង ។ តែទោះជាភាគច្រើនគាត់បានយល់យ៉ាងណាក៏ដោយ ក៏មន្ត្រីជំនាញនៅតែអំពាវនាវដល់អាជីវករទាំងអស់ត្រូវលក់តែទំនិញដែលមានគុណភាពឯអ្នកទិញក៏ត្រូវពិនិត្យឲ្យច្បាស់ពីកាលបរិច្ឆេទ និងឲ្យមានស្លាកយីហោត្រឹមត្រូវ៕

IMG_1578u FullSizeRenderu FullSizeRender FullSizeRenderi

មតិយោបល់